គេចរួចទេ..! អ្នកទោសជាមេក្លោងគ្រឿងញៀន ដែលជនបិទមុខ៦នាក់មករំដោះនៅខេត្តសៀមរាប នោះ ត្រូវបានកម្លាំងជំនាញចាប់បានវិញហើយ
Sokli
-

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានតាមប្រម៉ាញ់ នឹងឃាត់ខ្លួន មេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន២លើក ហើយមានក្រុមជនបិទមុខ៦នាក់ បានបើករថយន្តមួយគ្រឿង មកភ្ជង់សមត្ថកិច្ច រួចរំដោះមេក្លោងជាអ្នកទោសនោះដើម្បីគេចខ្លួនចេញពីមន្ទីពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប នាពេលកន្លងទៅ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣ កន្លងទៅនេះ មានបទល្មើសមួយបានកើតឡើង ដោយមានក្រុមឧក្រិដ្ឋជន បើកបររថយន្ត Lexus មកភ្ជុងរំដោះអ្នកទោស ទីតាំងកើតហេតុនៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាជធានី ខេត្ត បានសហការណ៍ក្នុងប្រតិបត្តិការណ៍ស៊ើបអង្កេតជុំវិញរឿងរ៉ាវ ក្រុមបិទមុខរំដោះ អ្នកទោស ដេលជាមេក្លោងគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាបចំនួន៥២ឆ្នាំ ហើយមេក្លោងរូបនេះទើបតែឃុំខ្លួននៅពន្ធនាគារបានរយះពេល១៤ប៉ុណ្ណោះ ។

រហូតកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ បាន៧នាក់ដែលជាក្រុមជនបិទមុខដែលធ្វើសកម្មភាពរំដោះអ្នកទោសដែលជាមេក្លោង ពិរុទ្ធជនរូបនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចខំប្រឹងប្រែងស៊ើបអង្កេតដើម្បីតាមស្វែងរក ដើម្បីឃាត់ខ្លួន មេក្លោងដែលត្រូវរំដោះ ជាពិរុទ្ធជនរូបនោះ រហូតឈានដល់ការឃាត់ខ្លួន មេក្លោងរូបនោះ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។


បច្ចុប្បន្ន កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងបញ្ជូនខ្លួន ពិរុទ្ធជន ជាមេក្លោងរូបនេះទៅកាន់ ទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី៕ ដោយ ៖ ជីម ភារ៉ា