ពិតជាសាហាវមែន! ចិន២ក្រុមបើកឡានទំនើបដេញបា-ញ់-គ្នាផ្អើលតំបន់តោពីរ ក្រុងព្រះសីហនុ
Sokli
-

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី២២ ខែសីហា នេះ ស្ថិតនៅចំណុចរង្វង់មូលតោរពីរ ក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីជនជាតិចិនចំនួនពីរក្រុមបានបើករថយន្តទំនើបពីរគ្រឿង ប្រដេញបំបុកគ្នានិងផ្ទុះអាវុធមួយគ្រាប់ ។

ក្រោយពីមានការផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរ ភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការតាមប្រមាញ់ស្រាវជ្រាវរហូតរកឃើញ ភាគីជនរងគ្រោះដែលត្រូវភាគីជនជាតិចិនមួយក្រុមទៀត ជិះរថយន្តដេញបំបុកនិងបាញ់ចំនួនមួយគ្រាប់ នៅចំណុចកាស៊ីណូឆាងឆឹងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។


ឆ្លើយតបទៅនឹងសកម្មភាពយ៉ាងគក្លើននេះផងដែរ លោកឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងស្ទាក់តាមគោលដៅសំខាន់ៗនៅក្នុងក្រុងព្រះសីហនុរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់និងរថយន្តចំនួនមួយគ្រឿងម៉ាក Mercedes ពណ៌ខ្មៅ ។

ប៉ុន្តែយុទ្ធនាការនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ កម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់បក្សពួកដែលនៅសេសសល់បន្ថែមទៀត និងកំពុងសាកសួរទៅលើជនសង្ស័យដែលបានឃាត់ខ្លួនបាន។


ជុំវិញករណីផ្ទុះអាវុធនេះផងដែរ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពុំទាន់បង្ហាញពីមូលហេតុ ឬដើមចមនៃការផ្ទុះអាវុធរវាងជនជាតិចិនទាំងពីរភាគីនេះនៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលនីតិវិធី។