សិស្សសាលា៤នាក់ នាំគ្នាចុះលេងទឹកព្រែក បណ្តាលឲ្យលង់ស្លាប់៣នាក់ហែលរួចជីវិត១នាក់ នៅស្រុកកោះធំ
Sokli
-

កណ្តាល ៖ ក្មេងស្រីសិស្សសាលាចំនួន៤នាក់ រៀនថ្នាក់ទី១០សេ នៅវិទ្យាល័យហ៊ុនសែនកំពង់កុង នាំគ្នាទៅចុះហែលទឹកចុងព្រែកលេង ជាអកុសលលង់ស្លាប់ចំនួន៣នាក់ ហែលរួចជីវិត១នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅស្ពានព្រែកធំ ស្ពានទី៦២ លូទី១៨ ហៅលូតាប្រាក់ ចំណុចវត្តពោធិ៍រាម្មា ហៅវត្តពោធិ៍យួន ក្នុងភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ក្មេងស្រីរងគ្រោះស្លាប់ទាំង៣នាក់ ទី១ កែវ ចាន់សុម៉ាលី អាយុ១៦ឆ្នាំ ,ទី២ ឈ្មោះ មី ឆេងហ័ង អាយុ១៥ឆ្នាំ , ទី៣ ឈ្មោះ ទីម៉ង់ លីណា អាយុ១៨ឆ្នាំ ។ ទាំង៣នាក់ ជាសិស្សថ្នាក់ទី១០សេ នៅវិទ្យាល័យហ៊ុនសែនកំពង់កុង មានទីលំនៅភូមិបែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

តាមស្ត្រីឈ្មោះ ស្រី ទូច អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុ បានឲ្យដឹងថា ចំណុចដែលក្មេងស្រីនាំគ្នាទៅលេងទឹក ព្រោះថារដូវខែនេះ ទឹកទន្លេឡើងហូរចូលព្រែក ចាក់ចូលបឹង ហើយចំណុចនោះ ទេសភាពរដូវកាលនេះ មានសភាពស្អាតធម្មជាតិ ផ្លូវចូលតាមខ្នងប្រឡាយ រហូតដល់ខាងខេត្តតាកែវ មានម្លប់ឈើច្រើន មានអ្នកលក់ដូរនៅទីនោះ ហើយរាល់ថ្ងៃមានបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាទៅអង្គុយលេងតាមមាត់ទឹក ព្រែក បឹង ហែលលេង ។

ប្រភពបន្តទៀតថា នៅរសៀលថ្ងៃនេះ មានក្មេងស្រីសិស្សសាលាចំនួន៤នាក់ មកពីឃុំកំពុងកុង ទៅលេងទឹកចុងព្រែក ហៅលូតាប្រាក់ កន្លែងកើតហេតុ ខណៈដែលក្មេងស្រីទាំង៤នាក់ហែលទឹកលេង ស្រាប់តែមានម្នាក់អស់ដៃហែលលែងរួចលង់លិច ភ្លាមនោះត្រូវបានក្មេងស្រីម្នាក់ទៀតហែលស្ទុះទៅចាប់ជួយទាញ ក៏លង់លិចទាំង២នាក់ លុះក្មេងស្រីម្នាក់ទៀតហែលទៅរកជួយ ស្រាប់តែលង់លិចក្នុងទឹកបាត់ដែរ នៅសល់តែក្មេងស្រីម្នាក់ ហែលឡើងគោករួចជីវិត ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋអ្នកភូមិផ្អើលនាំគ្នាទៅជួយរាវរក ប្រទះឃើញ សពក្មេងស្រីម្នាក់ នៅវេលាម៉ោង៣រសៀលថ្ងៃដដែល ហើយនាំគ្នាបន្តរាវរករហូតដល់វេលាម៉ោង៣ និង៣០នាទីបន្ទាប់ រាវរកឃើញសពក្មេងស្រី២នាក់ លង់លិចស្លាប់ឱបគ្នាជាប់តែម្តង ។

សពក្មេងស្រីទាំង៣នាក់ បន្ទាប់ពីរាវរកឃើញ ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វលបុណ្យតាមផ្ទះរៀងខ្លួន តាមប្រពៃណី ៕