ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានតាមដានការប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីលើកដំបូងតាមកញ្ចក់ទូរទស្សន៍ និងបានបញ្ជាក់ថា ការផ្ទេរតំណែង ការដឹកនាំជំនាន់ក្រោយ គឺជាការផ្ទេរតំណែងយ៉ាងត្រឹមត្រូវ ។
Sokli
-

តាមរយៈបណ្តាញសង្គម Twitter និង Telegram នៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២៣ នេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានលើកឡើងថា សម្តេចបានមើលការផ្សាយផ្ទាល់អំពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ដែលដឹកនាំដោយឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ឃើញថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ភាគច្រើន ជាបញ្ញវ័ន្តវ័យក្មេងដែលសម្តេចបានអះអាងយ៉ាងច្បាស់ថា ការផ្ទេរ ការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់ ។

សម្តេចតេជោបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេស ជាង៣៨ឆ្នាំដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវ័ន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់ ។

ជូនពរគណៈរដ្ឋមន្ត្រីថ្មី មានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ» ។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីរដ្ឋសភាជាតិបានប្រកាសទទួលសុពលភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ សីហា កន្លងមក ។ សមាសភាពថ្នាក់ដឹកនាំគេសង្កេតឃើញថា សិទ្ធិតែមានវ័យក្មេង និងមានសមត្ថភាពក្នុងការដឹកនាំក្រសួងស្ថាប័នរបស់ខ្លួន ។