ជនជាតិចិនម្នាក់ ដកបារីជក់ក្នុងជណ្តើរយន្តក្នុងអាគារ ត្រូវសន្តិសុខហាម បែរជាច្រឡោតប្រើហិង្សា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Sokli
-

ភ្នំពេញ៖ បុរសបរទេស ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើសន្តិសុខយាមអគារ The Bridge បន្ទាប់ពីសន្តិសុខហាមឃាត់មិនឲ្យជក់បារី។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖២៨នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចអគារ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានដើរចូលទៅក្នុងបន្ទប់ជណ្តើរយន្តប្រអប់ រួចក៏បានដកបារីមកជក់នៅក្នុងជណ្តើរយន្ត ភ្លាមៗនោះជនរងគ្រោះដែលជាសន្តិសុខយាមអគារខាងលើ បានចូលទៅឃាត់ជនបង្កខាងលើ ដោយហាមមិនឲ្យមានការជក់បារីនៅក្នុងបន្ទប់ជណ្តើរយន្តឡើយ។

ប៉ុន្តែជនបរទេសខាងលើមិនបានស្តាប់ឡើយ ថែមទាំងបញ្ចេញឥរិយាបទច្រឡោតយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិង្សាទៅលើសន្តិសុខរូបនោះ បង្កការភ្ញាក់ផ្អើលតែម្តង។

យ៉ាងណាមិញនៅក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ជាក់ស្តែងជនបង្កខាងលើត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន និងទាក់ទងទៅកាន់អាវុធហត្ថខណ្ឌ ដើម្បីចុះធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថបានចុះមកដល់ រួចឃាត់ខ្លួនជនបង្កនាំទៅការិយាល័យអាវុធហត្ថខណ្ឌចំការ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕