ក្រុមអ្នកដឹកជញ្ជូនអាហារតាមApp (WOW NOW) សុំទាមទារក្រុមហ៊ុនរក្សាតម្លៃឈ្នួលឱ្យនៅដូចដើម
Sokli
-

ភ្នំពេញ ៖ ក្រុមអ្នកដឹកអាហារតាម App របស់ក្រុមហ៊ុន WOW NOW បានប្រមូលផ្ដុំគ្នា នៅមុខសាខាក្រុមហ៊ុន WOW NOW ដើម្បីធ្វើការតវ៉ាទាមទារឲ្យក្រុមហ៊ុនរក្សាតម្លៃឈ្នួលដឹកឲ្យនៅដូចដើម បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសទម្លាក់តម្លៃឈ្នួលដឹកទាបពេកនៅក្នុងមួយជើងបានត្រឹមតែ៣០ ទៅ៣៥សេន ។ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចមុខសាខាក្រុមហ៊ុន WOW NOW ស្ថិតនៅផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង០៣ និង១០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមសម្ដីអ្នកដឹកជញ្ជូនអាហារក្រុមហ៊ុន WOW NOW បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយដែលខាងក្រុមហ៊ុន បានកាត់បន្ថយប្រាក់ឈ្នួលដោយបានដាក់កម្រិតអោយពួកគេថា មិនថា ជិត ឬឆ្ងាយ ក៏បញ្ចុះមកនៅត្រឹមតែ៣០ ទៅ៣៥សេន និងឆ្ងាយបំផុតត្រឹម៥០សេនប៉ុណ្ណោះ ក្នុងមួយជើង និងដាក់លក្ខខណ្ឌថា អ្នកណាធ្វើបានក៏ធ្វើ អ្នកណាធ្វើមិនបាន គឺអាចឈប់បាន ដោយមិនខ្វល់ពីបុគ្គលិកឡើយ ។

អ្នកដឹកជញ្ជូនអាហារខាងលើបន្តទៀតថា បើគិតតម្លៃឈ្នួលដឹករាល់ដង ក្នុងមួយជើងត្រឹម៨០សេនតាមជិត តាមឆ្ងាយ ដោយក្នុងមួយថ្ងៃ ពួកគាត់ក្នុងម្នាក់ដឹកបានត្រឹម១០ទៅ១៥ជើងប៉ុណ្ណោះ ហើយការទូទាត់ថ្លៃចាក់ សាំង និងហូបបាយអស់ទៅពួកគេនៅត្រឹមតែ១ម៉ឺនឬ២ម៉ឺនរៀលប៉ុណ្ណោះ ។

ជាចុងក្រោយ ពួកគាត់បានសំណូមពរ សូមកុំអោយកាត់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលក្រុមហ៊ុនបានកំណត់ថា ដឹកបាន៥០០ជើង និងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន៥០ដុល្លារ ។ បើក្រុមហ៊ុនកាត់ថ្លៃប្រាក់លើកទឹកចិត្ត និងទម្លាក់ថ្លៃដឹកក្នុងមួយជើងបានតែ៣៥ ទៅ៣៧សេន ហើយខ្ពស់បំផុតត្រឹមតែ៥០សេនប៉ុណ្ណោះ តើជីវភាពពួកគាត់ទៅជាយ៉ាងណា? ដូច្នេះហើយ ពួកគេជាអ្នកដឹកជញ្ជូនអាហារតាម App មួយជើងមិនបាន១ដុល្លារនោះទេ ។

ក្រុមដឹកជញ្ជូនបាន លើកដៃសំពះសូមដល់ក្រសួងស្ថាប័ន រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ទាំងអស់ មេត្តាជួយរកដំណោះស្រាយជូនពួកគេទាំងអស់គ្នានេះផង ៕