រាជរដ្ឋាភិបាលបង្កើតអគ្គនាយកដ្ឋានថ្មីមួយនៃក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស
Sokli
-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតអគ្គនាយកដ្ឋានថ្មីមួយបន្ថែមទៀត ក្រោមចំណុះក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស។ នេះបើតាមអនុក្រឹត្យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

អនុក្រឹត្យនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ រួមទាំងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើការអភិវឌ្ឍធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្សនេះ ត្រូវដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួន ជាជំនួយការ តាមការជាក់ស្ដែង។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានថ្មីមួយនេះ មាននាយកដ្ឋានចំណុះចំនួន៤ គឺនាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ និងនាយកដ្ឋានគោលនយោបាយ។

បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ បានត្រាស់បង្គាប់តែងតាំងលោកនាយឧត្តមសេនីយ៍ សេង ផល្លី ដែលជាប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ឱ្យកាន់ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនេះ៕