ភ្នំពេញ៖ បន្ទាប់ពីរចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់ ភាគីពាក់ព័ន្ធ ពិចារណាផ្នែកច្បាប់ ឡើងវិញ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ។ វិធានការថ្មីនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការ នៃអគ្គស្នងការ ដ្ឋាន នគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយការកើតឡើងនេះ គឺកើតចេញពីការបើកបរក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណា កាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះ ឲ្យខាងតែបាន។ ពោលគឺកាត់បន្ថយអត្រាស្លាប់ឲ្យនៅក្រោម ១០០០នាក់ ក្នុងមួយឆ្នាំ។
នៅចំពោះមុខកំលាំងសមត្ថកិច្ច ស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ លោក ឧបនាយករដ្ឋមន្ដ្រីវ័យក្មេង ស សុខា បានគូសបញ្ជាក់ថា «ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ យើងគប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សាឲ្យបានហ្មត់ចត់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើប័ណ្ណបើកបរម៉ូតូ ជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿននៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើ ចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ»។
ជាមួយគ្នានោះ លោក ឧបនាយករដ្ឋមន្ដ្រី បានជំរុញដល់ស្នងការគ្រប់រាជធានី-ខេត្ត ទាំងអស់ ត្រូវរឹតបន្តឹងនូវច្បាប់ចរាចរណ៍ឲ្យបានតឹងរឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណា កាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លា.ប់មនុស្ស ជាមធ្យមពី ៤ ទៅ ៥នាក់ ក្នុងមួយថ្ងៃៗនោះ។
ឆ្លៀតឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានក្រើនរំលឹកដល់មន្រ្តីក្រសួងមហាផ្ទៃ ទាំងអស់ ទាំងផ្នែកស៊ីវិល និង កងកម្លាំងនគរបាល ត្រូវខិតខំធ្វើការរួមគ្នា ឲ្យបានសកម្មបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។
ទាក់ទិនការងារនេះ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ត្រូវសិក្សាទិដ្ឋភាពច្បាប់ និងរកអំណេះអំណាង ដើម្បីជជែកពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតួអង្គសំខាន់ ក្នុងការរៀបចំការងារនេះ។
សូមជម្រាបថា ការលើកឡើងនូវបំណងខាងលើនេះ អាចនិយាយបានថា ជាសារមួយ ក្នុងការធ្វើកំណែទម្រង់ លើកទី១ នៅពេលលោក ស សុខា ឈានចូលកាន់តំណែង ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្តវេនពីឪពុករបស់លោក ។ គំនិតផ្តួចផ្តើមនេះ ក៏ត្រូវបានចាត់ទុកថា ជាការងារមួយដ៏សំខាន់ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។
លោក អភិសន្ដិបណ្ឌិត ស សុខា ដែលធ្លាប់ជាមន្ដ្រីនគរបាលដែរនោះ បានជ្រាបច្បាស់អំពីការងារ ប្រឈមមួយចំនួន ពាក់ព័ន្ធរឿងចរាចរណ៍នេះ ពិសេសបានធ្វើការ ពន្យល់ពីករណីគ្រោះថ្នាក់ ចរាចរណ៍មួយចំនួនកាលពីពេលកន្លងមកផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកបើកបរម៉ូតូ នៅក្នុងប្រទេសកម្ពុជា កម្លាំងក្រោម ១២៥សេសេ មិនតម្រូវឲ្យមានប័ណ្ណបើកបរនោះទេ។ ពោលចាប់ពីកម្លាំង ១២៦សេសេឡើងទៅ ទើបតម្រូវឲ្យមានប័ណ្ណបើកបរប្រភេទ «ក»។
យ៉ាងណាក៏ដោយ អត្រាអ្នកគ្រោះថ្នាក់ចរាចរណ៍ ហើយស្លាប់ច្រើនជាងគេ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ ៕