គ្រឿងញៀនជាង៤តោន ត្រូវបានដុតកំទេចនៅក្នុងទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង
Sokli
-

        ខេត្តកំពង់ឆ្នាំង ៖ បទល្មើសគ្រឿងញៀន គឺជាបទល្មើសមានហានិភ័យខ្ពស់ទី១ ក្នុងចំណោមបទល្មើសទាំង៦ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់កង្វក់”។ នេះបេីតាមប្រសាសន៍ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខធិការក្រសួងយុត្តិធម៌ នៅក្នុងទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅទីលានចាក់សម្រាម ក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខធិការក្រសួងយុត្តិធម៌ បានបន្តថា ចំពោះបទល្មើសទាំង៦រួមមាន៖ ការជួញដូរមនុស្ស,ការរត់ពន្ធទំនិញ ,បទល្មើសព្រៃឈើសត្វព្រៃ, បទល្មើសពុករលួយ, បទល្មើសឆបោក និងបទល្មើសគ្រឿងញៀន ដែលជាបទល្មើសត្រូវយកចិត្តទុកដាក់ ជាអាទិភាព។ បរិមាណគ្រឿងញៀន ដែលត្រូវបានរឹបអូស និងរៀបចំដុតកំទេចនាពេលនេះ គឺមាន៨៧សំណុំរឿង ក្នុងនោះរួមមាន ម្សៅក្រាមពណ៌លឿង មានសារធាតុគីមី រួមនឹងម្សៅថ្នាំញៀនកេត្តាមីន សរុបចំនួន២១១ ការ៉ុង ស្មើនិងជាង៤៧៦៧គីឡូក្រាម ដែលនេះជាការបង្ក្រាបក្នុងករណីយ៉ាងធំមួយ ហើយយ៉ាងក៏ក្រើកក្នុងទឹកដីខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២២កន្លងទៅនេះ ។

បន្ថែមលើនេះនៅមានប្រភេទថ្នាំញៀនមេតំហ្វេតាមីនឬហៅថា៖ម៉ាទឹកកក ចំនួន៥៦៥ ក្រាម កញ្ឆាក្រៀម ១៦,៥៤ក្រាម រួមនិងឧបករណ៍ដែលសម្រាប់បម្រើឲ្យការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ការដុតបំផ្លាញគ្រឿងញៀនដែលមានចំនួនរហូតដល់ជាង ៤តោន ដែលរាយការណ៍ដោយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺមិនមែនត្រឹមតែជាការដុតបំផ្លាញវត្ថុដែលបង្កឲ្យគ្រោះថ្នាក់នោះទេ ប៉ុន្តែវាជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មនិងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នតុលាការ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅទូទាំងប្រទេស ក៍ដូចជាការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម មាស វិរិទ្ឋ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ឋ ប្រឆាំងគ្រឿងញៀន ក៏មានប្រសាសថា៖ ផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលត្រូវបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចែកចេញជា២ផ្នែក ទី ១ គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី ២ គឺការគាំពារជនរងគ្រោះដែលរងគ្រោះដោយសារ ការប្រើប្រាស់ថ្នាំញៀន។ ការប្រើប្រាស់គ្រឿងញៀនមិនត្រឹមតែប៉ះពាល់និងបំផ្លាញខ្លួនឯងជាអ្នកប្រើប៉ុណ្ណោះទេគឺប៉ះពាល់ដល់គ្រួសារ សហគមន៍និងអ្នកជិតខាងផងដែរព្រោះតែកាលណាញៀនថ្នាំហើយមុនមានលុយទិញ ក្រោយមកអត់លុយលួចរបស់របរក្នុងផ្ទះលក់ ហើយក៏អាចបង្កហិង្សាក្នុងគ្រួសារ វង្វេងវង្វាន់ស្មារតី ក្លាយពីមនុស្សស្លូតបូត ទៅជាមនុស្សឃោឃៅ ប្រើអំពើហឹង្សា ជាដើម ។ហេតុនេះសូមក្មួយៗជាសិស្សានុសិស្សត្រូវជាសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមនិយាយថាទេចំពោះគ្រឿងញៀន។ ជាមួយគ្នានេះក៍សូមសំដែងនូវការ កោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំបង្ក្រាប បទល្មើសគ្រឿងញៀនកន្លងមក ដោយទទួលបានជោគជ័យ ហើយក៍ ជាលើកទី១ដែរដែលខេត្តកំពង់ឆ្នាំង បានការដុតកំទេចគ្រឿងញៀន រហូតជាង ៤ពាន់គីឡូក្រាម៕ដោយ ៖ ជីម ភារ៉ា