កំណែទម្រង់ថ្មី សិស្សដែលប្រលងជាប់បាក់ឌុប និន្ទេស A,B,C នឹងជាប់ធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិ
Sokli
-

ភ្នំពេញ ៖ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំថ្មី ចំពោះសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាប់និន្ទេស A B ឬ C នឹងជាប់ធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិ។

យោងតាមក្រសួងអប់រំយុវជន និងកីឡា ស្តីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ ២០២៣-២០២៤ បានប្រកាសនៅខែសីហា ឆ្នាំ២០២៣ ថា ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល ត្រូវបានកំណត់កូតាសម្រាប់ “សិស្សនិទ្ទេស A B និង C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យ ដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង) ។

ក្រសួងបានបន្តលើកឡើងថា ដោយឡែកកូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ក្រសួងបានប្រកាសអនុវត្ត “វិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកអប់រំ” ដោយទប់ស្កាត់មិនឱ្យមានករណីអន្តរាគមន៍ ជាដាច់ខាត ។

ក្រសួងនឹងរៀបចំ “រង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេច បានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិនអាចកើនលើសពីមន្ត្រីរាជការផ្សេង។

ជាងនេះក្រសួងនឹងរៀបចំការសិក្សា និងយន្តការ “ដោះស្រាយបញ្ហាលើសខ្វះគ្រូ” ដោយផ្តោតលើការគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព គ្រូដែលមានស្រាប់ ជាជាងការផ្តោត លើការជ្រើសរើសគ្រូថ្មី (ដោយត្រូវរៀបចំក្រុមការងារអចិន្ត្រៃយ៍) និងរៀបចំយន្តការលើកទឹកចិត្ត ព្រមទាំងផ្សារភ្ជាប់ជាមួយការអនុវត្តគន្លងអាជីព ។

ក្រសួង នឹងប្រើប្រាស់ថវិកាគម្រោង និងថវិកាជាតិ មកសិក្សាអំពីការដោះស្រាយបញ្ហាលើសខ្វះគ្រូ។ ជាមួយគ្នានោះ ក្រសួងនឹងធ្វើអាទិភាពចំណាយ ដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការដោះស្រាយបញ្ហារបស់គ្រូបង្រៀន ដូចជាការសាងសង់ផ្ទះគ្រូ ការបង្កើនប្រាក់ឧបត្ថម្ភគ្រូបង្រៀន នៅតំបន់ជួបការលំបាក ។ល។

ក្រៅពីនេះ ក្រសួងនឹងពិនិត្យឡើងវិញ តំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការពិនិត្យឡើងវិញ ការឧបត្ថម្ភ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយយកថវិកាគម្រោងមកសិក្សា និងរៀបចំក្រុមការងារ ។