ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យសិក្សាការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ដល់ប្រជាពលរដ្ឋ
Sokli
-

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។

ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ លោកបានមើលឃើញថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន ដូច្នេះហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែន ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង១០០ដុល្លារ»។

សូមជម្រាបថា លិខិតឆ្លងដែន គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។ បច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ដោយប្រើប្រាស់ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់៕