សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត។ មេដឹកនាំទាំងពីរបង្ហាញជំហរឯកភាពគ្នាបែបនេះ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី០៤ កញ្ញា ឆ្នាំ ២០២៣ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
លើសពីនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក៏ដូចជាបានផ្តាំផ្ញើការសួរសុខទុក្ខ ដោយក្តីនឹករលឹកជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី និងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយសម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕