ខេត្តព្រះសីហនុ ៖ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្ដិសុខ
លំហសមុទ្រ (គ.ជ.ស.ស) បានរៀបចំពិធីផ្ទេរប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខបានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នុងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះកោះតាគាវ និងកោះប្ញស្សី បានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប:យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ ។
កម្មវិធីខាងលើ បានធ្វើឡើងនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ក្រោមអធិបតីភាព លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភ័ណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដោយមានការចូលរួម ពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។
លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃ (គ.ជ.ស.ស. )ប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ)ជាច្រើនមុខ ដែលបានរកឃើញនៅបាតសមុទ្រចន្លោះកោះតាគាវ និងកោះប្ញស្សីបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ទុកជាជាសម្បត្តិបេតិកភណ្ឌជាតិ ។
លោកឧត្តមនាវីទោបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីបានធ្វើពិធីប្រគល់ និងទទួល និងដឹកជញ្ជួនវត្ថុបុរាណទាំងនោះដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា វត្ថុបុរាណ គឺជាសម្បត្ដិវប្បធម៌ ដែលត្រូវរក្សាទុក ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌របស់ជាតិយើង ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន ប្រសិនបើប្រទះឃើញវត្ថុបុរាណនានា សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្ដដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុកក្នុងសារមន្ទីរ ហើយការជួញដូរវត្ថុបុរាណ គឺជាអំពើល្មើសច្បាប់ដែលមិនអាចអត់ឱនបានឡើយ ។