ឥណ្ឌាមានគំរោងប្ដូរឈ្មោះប្រទេស ដោយយកឈ្មោះដើមមុនអាណានិគមអង់គ្លេស
Sokli
-

ឥណ្ឌា ៖ ក្រោយពាក្យចចាមអារ៉ាមនានាដែលថា អាជ្ញាធរឥណ្ឌាគ្រោងបោះបង់ចោលការប្រើប្រាស់ជាផ្លូវការឈ្មោះប្រទេសដែលអង់គ្លេសដាក់ឲ្យគឺឥណ្ឌា ពលរដ្ឋប្រទេសនេះកាលពីថ្ងៃទី៥ កញ្ញាហាក់មានការភ្ញាក់ផ្អើល ដោយក្នុងលិខិតអញ្ជើញផ្លូវការជូនដល់បណ្ដាមេដឹកនាំក្រុមប្រទេសG20 បានហៅឈ្មោះប្រទេសថាបារ៉ាត(BHARAT)ជាឈ្មោះដើមរបស់ប្រទេសមុនអង់គ្លេសដាក់អាណានិគម។

រដ្ឋាភិបាលរបស់ឥណ្ឌា តាមពិតទៅបានខិតខំលុបបំបាត់ចោលនិម្មិត្តរូបអាណានិគមអង់គ្លេស ទាំងក្នុងទិដ្ឋភាពតាមទីក្រុងក៏ដូចជានៅតាមបណ្ដាស្ថាប័ននយោបាយនិងក្នុងបណ្ដាសៀវភៅប្រវត្តិសាស្ត្ររបស់ប្រទេស ដែលពេលនេះក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក។ លោកណារេនដ្រាម៉ូឌីផ្ទាល់ពេលលោកនិយាយពីឥណ្ឌា ជាទូទៅលោករមែងនិយាយពាក្យថាបារ៉ាត ជាភាសាសំស្រ្កឹតដែលឈ្មោះនេះក៏ជាឈ្មោះ១ដែរ ក្នុងចំណោមឈ្មោះផ្លូវការ២មានចែងក្នុងរដ្ឋធម្មនុញ្ញ។

ចំណែកបណ្ដាសមាជិកគណបក្សជាតិនិយមហិណ្ឌូ BJP របស់លោកម៉ូឌី បានធ្វើយុទ្ធនាការរួចហើយ ប្រឆាំងការប្រើប្រាស់ឈ្មោះប្រទេសថាឥណ្ឌា ជាឈ្មោះមានឫសគល់សម័យបុរាណរបស់លោកខាងលិច ហើយត្រូវបានអង់គ្លេសយកមកដាក់ឈ្មោះឲ្យប្រទេសពួកគេ។ នាចុងសប្ដាហ៍ខាងមុខនេះក្រុងញូវដែល្លីនឹងរៀបចំធ្វើកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសG20 ដែលក្នុងឱកាសនោះនឹងមានរៀបចំពិធីជប់លៀងជាផ្លូវការមួយ ហើយក្នុងលិខិតអញ្ជើញចារឈ្មោះប្រធានាធិបតីបារ៉ាត។

រដ្ឋាភិបាលស្នើកោះប្រជុំវិសាមញ្ញរបស់សភា យ៉ាងយូរបំផុតមិនឲ្យហួសពីខែនេះ ដើម្បីពិនិត្យលើរឿងដូរឈ្មោះប្រទេសនេះ។ គណបក្សប្រឆាំងកុងក្រេសមានប្រតិកម្មថា យើងត្រូវបន្ដប្រើឈ្មោះទាំង២របស់ប្រទេស ដោយមិនត្រូវបោះបង់ចោលឈ្មោះប្រវត្តិសាស្ត្រដែលគេស្គាល់ច្បាស់នៅទូទាំងពិភពលោកឡើយ៕