មេដឹកនាំបណ្ដាផ្សេងៗដែលបានអញ្ជើញមកដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុត។
ជាមួយគ្នានេះ ឥណ្ឌូណេស៊ីបានប្រើប្រាស់រថយន្តអគ្គិសនី (EV) ជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ហើយប្រទេសម្ចាស់ផ្ទះមួយនេះបានរៀបចំរថយន្តអគ្គិសនី ៥៦០ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៤០ គ្រឿងដើម្បីដឹកគណៈប្រតិភូសម្រាប់ចូលរួមកិច្ចប្រជុំទាំងអស់ ។
ទន្ទឹមនឹងនេះ ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូលមួយនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរបច្ចេកទេសថាមពលអគ្គិសនីទីក្រុងហ្សាការតា ក៏បានបង្កើតទីតាំងសាកថាមពលរថយន្តអគ្គិសនីចំនួន ៧៩ កន្លែងផងដែរ ខណៈដែលក្នុងពេលសាកថាមពលម្ដង រថយន្តអគ្គិសនីនឹងធ្វើដំណើរបានរហូតដល់ ៣០០ គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៥ និងបន្តដល់ថ្ងៃទី៧ ខែកញ្ញានេះ គឺជាជំហានដ៏ល្អមួយឆ្ពោះទៅរកការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធឆ្នាំ ២០៦០ របស់ប្រទេសឥណ្ឌូណេស៊ី ៕