សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស
Sokli
-

ខេត្តកំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។

ថ្លែងក្នងឱកាសជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កាលពីម្សិលមិញសម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី៣រូប និងរដ្ឋមន្ដ្រីតាមបណ្ដាក្រសួងជាសេនាធិការ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូបជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធក្នុងនោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម ។ ប៉ុន្ដែសម្ដេចយល់ឃើញថា នៅពេលប្រជុំច្បាស់ណាស់បណ្ដាក្រសួងពាក់ព័ន្ធអាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួមដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបសម្ដេចសម្រេចកែសម្រួលតែម្ដង ។

សម្ដេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ដ្រីមួយរូបជាប្រធានអាជ្ញាធរនេះតែម្ដង ហើយមានឧបនាយករដ្ឋមន្ដ្រី៣រូបអម ក្នុងនោះមានការពារជាតិ មហាផ្ទៃ និងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ដ្រីពាក់ព័ន្ធទាំងអស់ចូលជាសមាជិក ហើយយន្ដការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ដ្រីម្នាក់ ជាអនុប្រធានប្រចាំការដឹកនាំតែម្ដង»។

ទន្ទឹមនឹងនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា ការសម្រេចតម្លើងកម្រិតដឹកនាំនេះ គឺដើម្បីបង្ហាញអំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមិនខុសពីនីតិកាលកន្លងទៅ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ។

សូមរំលឹកថា រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅបានប្រគល់ភារកិច្ចជូនលោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន ។ មុនឈានដល់ការបង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ កាលពីពេលកន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរគ្រឿងញៀ.ននេះ ។ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀ.នឱ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀ.នក៏ដូចជា ស្ថាប័នពាក់ព័ន្ធដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានបានលើកឡើងថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះទទួលបានជោគជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី៕