ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការយល់ដឹងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅថា «RCEP» នឹងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន។
ក្នុងកម្មវិធីបាឋកថាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឧទ្ទេសនាមដោយលោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំបាឋកថាស្តីពីកិច្ចព្រមព្រៀង RCEP ពេលនេះ គឺស្របនឹងកាលៈទេសៈដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី បន្តថា តាមរយៈនេះ ក៏ស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ ទន្ទឹមនេះ កម្មវិធីបាឋកថានាពេលនេះ ក៏ស្របទៅនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័នដោយផ្ដោតសំខាន់លើការកសាងសមត្ថភាពផងដែរ។
បើតាមលោករដ្ឋមន្ត្រី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ «RCEP» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដែលសាធារណជនទូទៅ ជាពិសេសពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ-អន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ដែរក្នុងការនាំយកនូវដំណឹងទាំងអស់នេះ ដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការយល់ច្បាស់ពីគោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន។ លោក នេត្រ ភក្ត្រា មានជំនឿយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់ នឹងជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀង RCEP នេះទៅដល់សាធារណជន ជាពិសេសវិនិយោគិន និងធុរជនបរទេស ដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ។
ការប្រកាន់យកនូវទស្សនៈនៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៩ នៅខែ វិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមនេះ បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជាចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ាន លើកទី៣ នាពេលនោះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងនេះ បានចាប់បដិសន្ធិឡើងនៅប្រទេសកម្ពុជា ហើយ១០ឆ្នាំក្រោយមក កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅលើទឹកដីនៃកម្ពុជា សារជាថ្មីម្តងទៀត៕