ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ ពីសន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិលោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។
ជុំវិញដំណើរការ នៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដែរ។
តាមរយះសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា “ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក”។
ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយកម្ពុជាថ្មីថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”។