ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តមួយគ្រឿង បុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទប់ជាមួយនឹងបង្គោលភ្លើង ស្លាប់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី ២០ខែកញ្ញាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ វិច្ឆិកា អាយុ២០ឆ្នាំ មុខរបរជាងចាក់ស្មាច់រថយន្តដឹកសពមានស្រុកកំណើតនៅខេត្តតាកែវ។យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញយុវជនខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ1AB-0403 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌កណ្ដុរប្រមេះពាក់ផ្លាកលេខ ភ្នំពេញ2BP-78 33 បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បានរេចង្កួតបុកចំពីក្រោយជនរងគ្រោះ ដែលកំពុងជិះម៉ូតូបណ្ដាលឲ្យខ្ទប់ ជាមួយនឹងបង្គោលភ្លើងបែកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដងចំណែកអ្នកបើកបរបានព្យាយាមបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រៃវែង សហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
រីឯសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕