ប្រេងសាំងឡើងថ្លៃ ១៥០រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃនេះ ដល់ទី ៣០ កញ្ញា
Sokli
-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងក្នុងសប្តាហ៍នេះ បានឡើងថ្លៃចំនួន ១៥០រៀលពីតម្លៃដើម ដែលមានតម្លៃស្មើនឹង ៤៧៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ១០០រៀល ស្មើនឹង ៤៨៥០រៀល។ តម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣។

បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕