តាមរបាយការណ៍ផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានអោយដឹងថា ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។
ក្នុងរបាយការណ៍បង្ហាញថា សម្រាប់ជើងហោះហើរអន្តរជាតិ
មកពីប្រទេសថៃ សរុប៥-៦ជើង ក្នុងមួយថ្ងៃរួមមាន៖ (បាងកក-សៀមរាប: Bangkok Airways , ដនមឿង-សៀមរាប: Thai Air Asia)។
មកពីប្រទេសវៀតណាម សរុប ០៤-០៦ជើង ក្នុង០១ថ្ងៃ រួមមាន៖ ហូជីមិញ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ហាណូយ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ដាណាង-សៀមរាប: Cambodia Angkor Air ។
មកពីប្រទេសសិង្ហបុរី (សិង្ហបុរី-សៀមរាប) : Singapore Airlines មាន០១-០២ជើង ក្នុង០១ថ្ងៃ។ មកពីប្រទេសឡាវ (ហាណូយ,លួង្គប្រាបាង្គ-សៀមរាប : Vietnam Airlines មាន០១ជើងក្នុង ០១សប្ដាហ៍)។
មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប): Air Asia មាន០២ជើង ក្នុង ០១សប្ដាហ៍។ មកពីប្រទេសចិន សរុប ០២-០៣ជើង ក្នុង ០១ សប្ដាហ៍ រួមមាន ៖ សៀងហៃ-សៀមរាប : China Eastern។
ខណៈដែលជើងហោះហើរក្នុងស្រុករួមមាន៖ (ភ្នំពេញ-សៀមរាប, ព្រះសីហនុ-សៀមរាប, ) ហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ Cambodia Angkor Air មាន០៣ជើង ក្នុង០១ថ្ងៃ ។
តាមរយះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានថ្លែងតាមរយៈរបាយការណ៍ថា រយៈពេល ០៨ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់ ។
ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣ ខាងមុខ ដែលអាកាសយានដ្ឋានថ្មីនេះនឹងមានមានសមត្ថភាពទទួលយន្តហោះធុនធំប្រភេទប៊ូអ៊ីង មានរហូតដល់ជិត៤០ ចំណតដែលអាចទទួលអ្នកដំណើរចន្លោះពី ៧ លាននាក់ ទៅ ១០,៥ លាននាក់ និងអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០ ។
តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្តដែលជាប់នឹងសៀមរាបទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា៕