អគ្គនាយកពន្ធដារប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់
Sokli
-

 ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់ អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ។

គេសង្កេតឃើញថា ការប្រកាសនេះបន្ទាប់ពីអ្នកលេងបណ្តាញសង្គមពិសេសពលរដ្ឋបាននាំគ្នារិះគន់ចំពោះការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ខណៈពួកគាត់ខ្លះបានកំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងជីវភាពរស់នៅ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៧ កញ្ញា បានបញ្ជាក់ថា «សូមជម្រាប ជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះ បញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្តល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធទាំងពីរប្រភេទនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣»។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើអច លនទ្រព្យ និងពន្ធលើដីធ្លីមិនបាន ប្រើប្រាស់ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បន្ថែមថា ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

ជាមួយគ្នានោះដែរ ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូ រស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ៕