ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដី នៅខេត្ត Ishikawa
Sokli
-

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានប្រកាស ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដី នៅខេត្ត Ishikawa។

ស្ថានទូតកម្ពុជា បានប្រកាសថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹង អំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ កំរិត7.4 នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល ប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តIshikawa (ដែលកំពស់ទឹក អាចឡើង រហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀល ថ្ងៃទី០១ ខែមករា ឆ្នា២០២៤។

ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានប្រកាសអំពាវនាវ សូមឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូន បានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹង មកស្ថានទូតជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។