ក្រសួងមហាផ្ទៃ សម្រេចដកប៉ូលិសភ្នំពេញ១២នាក់ចេញពីក្របខ័ណ្ឌ ដោយសារភាពអសកម្មក្នុងការបំពេញការងារ
Sokli
-

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលរាជធានីភ្នំពេញចំនួន១២នាក់ ចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញថា មន្ត្រីនគរបាលទាំងនេះ មានភាពអសកម្មក្នុងការបំពេញការងារ។ នេះបើតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដែលទើបផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី៥ ខែមករានេះ។

ប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ នគរបាលទាំង១២រូប ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ រួមមានទាំងថ្នាក់នាយរងការិយាល័យ នាយ-នាយរងផ្នែកនៃអធិការដ្ឋានខណ្ឌ រហូតដល់មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់មួយចំនួន ក្រោមចំណុះស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីនគរបាលទាំង១២រូបនេះ មិនជាបពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទេ ផ្ទុយទៅវិញ គឺមន្ត្រីទាំងនេះ បានប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិ ពោល គឺមន្ត្រីទាំងនេះ បានអវត្តមានញឹកញាប់ជាទីបំផុត អវត្តមានមិនមានច្បាប់ទម្លាប់ និងមិនបានបំពេញមុខងារតាមភារកិច្ច ដែលអង្គភាពចាត់តាំង។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលទាំងនេះ គឺបានគិតតែពីបម្រើផលប្រយោជន៍បុគ្គលឯកជន ដោយមិនបានគិតដល់ផលប្រយោជន៍របស់អង្កភាពដែលបានប្រគល់ឱ្យឡើយ។ ដូច្នេះហើយ ដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្មបែបនេះ ទើបលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នាពេលនេះ៕