ប្រិយមិត្តប្រាកដជាស្គាល់ យឿន ពិសី ក្រោយពីបានកាន់ពានរង្វាន់ Cambodia's Got Talent រដូវកាលទី១ បានរយៈពេល ៦ ឆ្នាំមក យុវជនដែលមានដុងទេពកោសល្យសិល្បៈ ទោះបីជាពិការភ្នែកពីកំណើតបានជួបម្ចាស់បេះដូងមានភក្តីភាព និងក្រាបផ្ទឹមចូលរោងជ័យ ហើយកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ជាមួយភរិយាដ៏ស្រស់ស្អាត គឺជាហ្វេនរបស់ខ្លួន ក្រោយពីបានយល់ចិត្តយល់អស់រយៈពេលប្រហែលជា ០១ ឆ្នាំមកនោះ ហើយមកដល់ពេលនេះទទួលបានចំណងដៃកូន ២ នាក់ ផងដែរ។
លោក យឿន ពិសី បានប្រកាសពីការបែកបាក់ឲ្យដឹងថា «ជម្រាបសួរ ពុកម៉ែបងប្អូន ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ ឲ្យបានជ្រាបថា ចាប់ពីពេលនេះតទៅ ខ្ញុំបាទ សូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដី-ប្រពន្ធជាមួយភរិយាខ្ញុំ ចាប់ពីពេលនេះតទៅ ចំពោះហេតុផល ខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម» តែភរិយា បែបជាសរសេរថា "សូមឱ្យប្ដីសម្លាញ់ជួបតែសំណាងល្អពេញមួយឆាកជីវិតសូមឱ្យប្ដីប៉ងប្រាថ្នាអ្វីឲ្យដូចបំណង"។
យឿន ពិសី និយាយបន្តថា លោកក៏មិនចង់ឲ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ ប៉ុន្តែសម្រាប់កូនៗ ទាំងពីររបស់លោក គឺលោកនឹងធានាចិញ្ចឹមពួកគាត់ និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ ១៨ ឆ្នាំ សង្ឃឹមថាគ្រប់យ៉ាង នឹងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួន ដោយគ្មានការដាក់សម្ពាធ ឬ បិទសិទ្ធិ ឬ តាមរំខានពីភាគីណាមួយទៀតឡើយ។
តារាចម្រៀង យឿន ពិសី បានបញ្ជាក់បន្ថែមថា «ខ្លឹមសារដែលខ្ញុំបង្ហោះនៅថ្ងៃនេះ ខ្ញុំសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដី-ប្រពន្ធមួយនេះ ខ្ញុំសុំមិនបកស្រាយអ្វីច្រើនទៀតទេ ខ្ញុំបាទក៏សូមអរគុណពុកម៉ែបងប្អូនដោយក្ដីគោរព»។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ មានការភ្ញាក់ផ្អើល ព្រោះកន្លងមកគេតែងឃើញប្តីប្រពន្ធអ្នកទាំងពីរមានភាពផ្អែមល្ហែម និងស្រលាញ់គ្នាណាស់៕