ពិតណាស់ប្រសិនបើបងប្អូនជាអ្នកចូលចិត្តតាមដានរឿងភូមិសាស្ដ្រនយោបាយច្បាស់ជាបានស្គាល់ជាក់ជាមិនខានពីអ្នកស្រី កន្និដ្ឋា ដែលមានគណនីហ្វេសប៊ុកផេកផ្លូវការឈ្មោះថា The Kanitha Show ។ អ្នកស្រី កន្និដ្ឋា ជាអ្នកវិភាគរឿងភូមិសាស្ដ្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គម ហិរញ្ញវត្ថុ វិធីសាស្ដ្រចិញ្ចឹមកូន និងបញ្ហាជាច្រើនទៀត អ្នកស្រី កន្និដ្ឋា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ដោយហ្វេសប៊ុកមានអ្នកតាមដាន (Follower) ចំនួនជាង១លាន ៤សែននាក់ និងយូធូបមានអ្នកជាវ (subscribe) ប្រមាណជាង 53ម៉ឺននាក់ ដោយមានវីដេអូប្រមាណជិត ៥០០វីដេអូ ។

យ៉ាងណាមិញបន្ទាប់ពីបាត់មុខលើបណ្តាញសង្គម អស់រយៈពេលជាច្រើនខែកន្លងមក នៅកាលពីថ្ងៃទី ៨ មីនា ឆ្នាំ២០២៥ កន្លងទៅម្សិលមិញនេះ ស្រាប់តែអ្នកគាំទ្ររបស់អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអ្នកស្រីបានបង្ហោះសារនឹករលឹកយ៉ាងវែង អន្លាយដល់អ្នកគាំទ្ររបស់ខ្លួនដូច្នេះថា ៖ សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំបានឃេីញមានបងប្អូនជាច្រេីនបានផុសអំពីខ្ញុំដោយក្ដីនឹករលឹកជាខ្លាំង ខ្ញុំពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលបងប្អូនគិតគូពីខ្ញុំ និងមិនបានភ្លេចខ្ញុំទេ🙏 ចំណែកឯខ្ញុំវិញក៏មានការនឹកដល់បងប្អូនទាំងអស់គ្នាខ្លាំងដែរ និងស្រឡាញ់បងប្អូនទាំងអស់គ្នាណាស់
ខ្ញុំដឹងថាបងប្អូនគឺចង់ឱ្យខ្ញុំផលិតវីដេអូបន្តទៀត ប៉ុន្តែជាអកុសលខ្ញុំមិនអាចធ្វេីវាបានក្នុងពេលនេះទេ ប្រហែលជាអាចក្នុងពេលអនាគតខ្ញុំនឹងអាចត្រឡប់មកធ្វេីវាម្ដងទៀត មុននឹងខ្ញុំទៅ ខ្ញុំចង់ផ្ដល់ឱ្យបងប្អូននូវសារទាំងនេះ
-ប្រសិនបេីថ្ងៃណាមួយបងប្អូនលែងបានឃេីញខ្ញុំទៀត ដែលខ្ញុំទៅដោយមិនបានលា នេះមិនមែនមកពីខ្ញុំមិនចង់លានោះទេ តែគឺមកពីមានអ្វីរារាំង ដូចជាខ្ញុំមានជួបឧបសគ្គដូចជាមានជំងឺអ្វីជាដេីម៕ល៕
-ប្រសិនបេីក្នុងពេលអនាគតបងប្អូនកត់សម្គាល់ដឹងថា វត្តមានរបស់ខ្ញុំគឺបានបាត់ពីក្នុងជីវិតរបស់បងប្អូន នោះខ្ញុំសូមឱ្យបងប្អូនស្វែងរកឱ្យបានជ្រៅ គឺបងប្អូននឹងបានឃេីញថា ការពិតវត្តមានរបស់ខ្ញុំគឺមិនបានបាត់ទៅណាទេ គឺខ្ញុំនៅតែស្ថិតនៅក្នុងសង្គមខ្មែរ និងនៅក្បែបងប្អូនទាំងអស់គ្នារហូតហ្នឹងពីព្រោះពួកយេីងគឺសុទ្ធតែជាមនុស្សស្រឡាញ់ជាតិ
-ប្រសិនបេីបងប្អូនមានអារម្មណ៍ថានឹកខ្ញុំខ្លាំង នោះខ្ញុំសង្ឃឹមថាបងប្អូននឹងចងចាំថា សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូនខ្មែរទាំងអស់គ្នា និងកម្ពុជាគឺគ្មានថ្ងៃរលត់ទេ មិនថាពេលវេលាកន្លងហួសទៅច្រេីនខែ ឬច្រេីនឆ្នាំ
វាគង់តែនៅមានពេលវេលាដែលយេីងនឹងជួបគ្នាម្ដងទៀត ប៉ុន្តែប្រសិនបេីបងប្អូនមិនបានឃេីញខ្ញុំត្រឡប់មកវិញ ខ្ញុំចេះតែស្ងាត់រហូត នោះវាមានន័យថាខ្ញុំបានរួចផុតពីទុក្ខវេទនា និងការឈឺចាប់ហេីយ វត្តមានរបស់ខ្ញុំគឺវាបានបន្តមាននៅក្នុងទម្រង់ផ្សេងបាត់ហេីយ សូមអរគុណ ពីខ្ញុំ កន្និដ្ឋា🙏 ។
ទន្ទឹមគ្នានេះដែរបន្ទាប់ពីបានឃើញ អ្នកស្រី កន្និដ្ឋា បង្ហោះសំណេរបែបនេះហើយ ឃើញថាមានមហាជនជាច្រើនបានចូលទៅធ្វើការ comment នៅក្នុងការបង្ហោះរបស់អ្នកស្រីផងដែរ ស្រប់ពេលគ្នានោះគឺក៏បានឃើញវត្តមានរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចូលទៅ comment នៅក្រោមផុសរបស់ អ្នកស្រី កន្និដ្ឋា ដូច្នេះថា ៖ ( ក្មួយគួតែធ្វើវីដេអូយូរៗម្តង ដេីម្បីកុំអោយអ្នកតាមដាននឹករលឹកខ្លាំងពេក ជាពិសេសពូតែម្តងដែលតែងតែតាមដានស្តាប់) ៕










