សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀលកន្លងទៅ ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះឈ្មោះ ឡុង លីសុង ស្ថិតនៅបុរីប៉េងហួត សង្កាតនិរោធ ខណ្ឌច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះបញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស២នាក់ទៀតជាច្រើនគ្រាប់បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។

យ៉ាងណាមិញមកទល់និងពេលនេះជនរងគ្រោះនៅតែមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនោះទេ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ No Nak Zer ដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះបង្ហោះដង្ហើយរកយុត្តិធម៌ដូច្នេះថា ៖ «ហឹម.....មួយថ្ងៃទៅមួយខែ មួយខែទៅដល់ឆ្នាំ តេីការរង់ចាំរបស់ពួកខ្ញុំពេលណាទេីបទទួលបានយុត្តិធម៌ពេញលេញ?



ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2025 ព្រឹកនេះពួកខ្ញុំដែលជាជនរងគ្រោះនិងជនជាប់ចោទដែលជាឃាតករ (ស្រី សុីណា) បានឡើងសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះក្តីតាមសេចក្តីកោះហៅរបស់តុលាការ។ តែរឿងក្តីរបស់ពួកខ្ញុំត្រូវបានពន្យាពេល ដោយសារខាងឃាតករស្នើរសុំខាងតុលាការពន្យាពេលកាត់ក្តីរយៈពេល 1ខែដោយលើកហេតុផលថារកមេធាវីការពារក្តីមិនបាន ទើបតែរកបានមេធាវីការពារក្តីរយៈពេលមុនសវនាការពីរថ្ងៃមិនអាចយល់ពីសុំនុំរឿងក្តីនេះច្បាស់ហើយមេធាវីខាងឃាតករដែលរកបានមុនពីរថ្ងៃនោះបានការពារតែក្នុងសំណុំរឿងរំលោភលេីលំនៅដ្ឋាន ដោយគ្មានមេធាវីកាន់ក្ដីរឿងក្ដីព្រហ្មទណ្ឌ តែខាងតុលាការក៏មានមេធាវីចាត់តាំងផ្តល់ទៅខាងឃាតករដើម្បីធ្វើការជំនុំជម្រះក្តីតែឃាតករមិនទទួលយកដោយលើកហេតុផលចង់រកមេធាវីដែលខ្លួនពេញចិត្តអោយកាន់រឿងក្តីរបស់ខ្លួន។ ដូច្នេះតុលាការបានពន្យារពេលនឹងលើកថ្ងៃកាត់ក្តីម្តងទៀតទៅថ្ងៃទី 23 ខែមេសា ឆ្នាំ2025 »៕



