(ហ្ស៊េរុយសាឡិម)៖ មន្ត្រីហាម៉ាស បានអះអាងថា យ៉ាងហោចណាស់ ពលរដ្ឋប៉ាឡេស្ទីន១០០នាក់ រួមទាំងកុមារត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក្រោយពីកិច្ចចរចាស្តីពីបទឈប់បាញ់ត្រូវបានជាប់គាំង។ ក្នុងនោះ មន្រ្តីហាម៉ាស់បានអំពាវនាវឱ្យអ្នកសម្របសម្រួលបទឈប់បាញ់រួមមាន សម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំជាបន្ទាន់ ធ្វើយ៉ាងណាដើម្បីឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះរឿងនេះ និងអនុម័តដំណោះស្រាយដែលជាកាតព្វកិច្ចអ៊ីស្រាអែលដើម្បីបញ្ឈប់ការឈ្លានពានរបស់ខ្លួន។


មន្ត្រីហាម៉ាសក៏បានចោទ អ៊ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគី ដែលនេះនឹងធ្វើឱ្យចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សាស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥។


ចំណែក ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំង ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ «ចាប់ពីឥលូវនេះទៅ អ៉ីស្រាអែលនឹងធ្វើសកម្មភាព ប្រឆំាងហាម៉ាសជាមួយការបង្កើនអំណាចយោធា»។

