បន្ទាប់ពី លោក ដូណាល់ ត្រាំ ទើបតែប្រកាសពន្យារពេល៩០ថ្ងៃមិនអនុវត្តយកពន្ធគយថ្មីលើបណ្តាប្រទេសប្រមាណ៧៥នៅជុំវិញពិភពលោក ប៉ុន្តែ បានប្រកាសដំឡើងពន្ធគយដល់ទៅ១២៥%លើប្រទេសចិន។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានចាត់ទុកថា នេះ គឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា។

យ៉ាងណាមិញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ក៏បានលើកឡើងចំណុចល្អចំនួន ៤ សម្រាប់កម្ពុជា ក្នុងការចរចា ជាមួយអាមេរិក ។

1. ជាដំណឹងល្អ ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។
2.ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។
3.សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។
4.ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕
