ឃើញម្ចាស់បំណុល ចាញ់ក្តីកូនបំណុលដែលជាមន្ត្រី ផ្កាយ១ ស្រាប់តែលោក ផែង វណ្ណះ ធ្វើការលើកឡើងបែបនេះ...
Heang
-

សាលាឧទ្ធរណ៍បាត់ដំបង នៅកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្ដឹងផ្ដល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ចិន ស្រីដា។ ការសម្រេចនេះ ធ្វើឡើងក្រោយឈ្មោះ សម្បត្តិ កុសល ប្ដឹងជំទាស់ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលព្យួរទោសឈ្មោះ ចិន ស្រីដា។

យ៉ាងណាមិញក្រោយឃើញ ម្ចាស់បំណុល ចាញ់ក្តីកូនបំណុលបែបនេះ លោក ផែង វណ្ណះ បានបង្ហោះសំណេរដូច្នេះថា ៖« ប្អូន​ស្រី​ចាញ់​ក្ដី​តាម​តាមផ្លូវ​ច្បាប់​ដែល​ កូន​បំណុល​ថោកទាប​ប្ដឹង​ ពីបទ​ គំរាមហែកកេរ្តិ៍​ តែ​ប្អូនស្រី​ឈ្នះ​ចិត្ត​ ជាពិសេស​ឆក់យកបេះដូង​ប្រជាពលរដ្ឋ​កម្ពុជា​បានច្រើន​លេីសលប់​ដែល​គាំទ្រ​ប្អូន​ស្រី​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ។ គោលបំណង​របស់​កូនបំណុល​ចង់​យក​ប្អូនស្រី​ដាក់​ពន្ធនាគារ​ បរាជ័យ​ហើយ​ សម្លេងមហាជន​សំខាន់​ណាស់​ អាចជួយប្អូនបាន​ ។ ប្អូន​ស្រី​មិនបាច់​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទេ​ គឺ​ទទួល​យកការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​បាត់ដំបង​តែម្ដងទៅ​ ។

បន្ទាប់​មកប្អូន​ស្រី​គួររកមេធាវីរៀបចំ​ពាក្យបណ្ដឹង​ ប្ដឹង​ទាមទារ​លុយ​ និង​ស្នេីសុំ​អោយ​តុលាការ​ឃាត់​ផ្ទះ​សំបែង​ដីធ្លី​ ដែល​ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ដេីម្បី​ទូទាត់​បំណុល​ ។ បេី​កូនបំណុល​មិនសង​ សំណូមពរ​អោយ​តុលាការ​រឹបអូស​ទ្រព្យ​សម្បត្តិ​លក់​ឡៃឡុង​សង​បំណុល​ប្អូនស្រី​វិញ​ » ។​

គួររំលឹកផងដែរថា ឈ្មោះ ចិន ស្រីដា ជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយ រាំង ភិរម្យ មានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ។ ឈ្មោះ សម្បត្តិ កុសល បានប្តឹងឈ្មោះ ចិន ស្រីដា ទៅតុលាការពីបទគំរាមកំហែងបង្ហោះសារបរិហារកេរ្តិ៍លោក ក្នុងរឿងដែលប្រពន្ធខ្លួនបានខ្ចីបំណុល អំពីការពាក់ព័ន្ធទៅនឹងការដំឡើងបុណ្យស័ក្ត ៕