កណ្តាល៖ នារីបរទេសជនជាតិចិនម្នាក់បេីករថយន្ត DONGFENG FORTHING ស៊េរីឆ្នាំ២០២២ ស្លាកលេខកម្ពុជា S.TEY.18 ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំង ខ្ទាតទៅកណ្ដាលផ្លូវ រីឯរថយន្តរងការខូចខាតចំហៀងមុខខាងឆ្វេងយ៉ាងដំណំ ផ្ទុះបែកពោងសុវត្ថិភាព និងបណ្ដាលឲ្យនារីបរទេសខាងលេី រងរបួសផងដែរ ហេីយរថយន្តបានខ្ទាតទៅមុខផ្ទះប្រជាពលរដ្ឋ។



ហេតុការណ៍នេះស្ថិតនៅទល់មុខអង្គការអរុណរះកម្ពុជា លេីកំណាត់ផ្លូវជាតិលេខ២១ ភូមិទួលរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។



បច្ចុប្បន្នក្រោយពេលកេីតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានចុះអន្តរាគមន៍ភ្លាមៗ ដោយដាក់រថយន្តសារ៉ែនកណ្ដាលផ្លូវ ពង្វាងចរាចរណ៍បណ្ដោះអាសន្ន រង់ចាំរថយន្តស្ទូច មកជួយស្ទូចរបាំងថ្មដាក់ឲ្យដូចដេីមវិញ បន្ទាប់មកឲ្យរថយន្តស្ទូចអូសយករថយន្តបង្កចេញមកក្រៅដេីម្បីយកមករក្សាទុុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕




