សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា ចេញទៅប្រទេសម៉ាឡេស៊ីហើយ ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ
Heang
-

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ទៅកាន់នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា-ថៃ។

បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កិច្ចចរចារវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជា។ លោក Anwar បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលកម្ពុជា និងថៃ បានស្នើសុំឱ្យខ្ញុំព្យាយាម និងសម្របសម្រួលស្វែងរកសន្តិភាព ដូច្នេះយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា នៅម៉ោង ៣រសៀល (ថ្ងៃទី២៨ ខែកក្កដា»។

បើតាមលោក Anwar Ibrahim លោកផ្ទាល់រំពឹងថានឹងដឹកនាំកិច្ចចរចារវាងកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងលក្ខខណ្ឌដាក់ជូនដោយភាគីទាំង២។ កិច្ចចរចា នេះត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។

សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា បាននិយាយថារូបលោកផ្ទាល់ជឿថា កម្ពុជា និងថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា បន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលចាប់ផ្ដើមជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Turnbery ប្រទេសស្កុតឡែន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយខ្ញុំគិតថាពួកគេចង់ផ្សះផ្សារជម្លោះក្នុងពេលនេះ»។ លោក ត្រាំ បន្តទៀតថាលោកនឹងធ្វើការជាមួយកម្ពុជា និងថៃ៕