ឈ្លោះគ្នាផ្អើលពេញផ្លូវមុន្នីវង្ស ព្រោះតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំបុករថយន្តពីក្រោយ ហើយជ្រុះកងដៃមានគេរើសស្របពេលមិត្តភ័ក្ត្រឃើញក៏ចោទថា ....
-

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយបង្កឲ្យមានការឈ្លោះប្រកែកគ្នាឡើងផ្អើលពេញផ្លូវព្រះមុន្នីវង្ស បន្ទាបពីយុវជនម្នាក់ជិះម៉ូតូធំយ៉ាងលឿន ទៅបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង ហើយបានជ្រុះកងដៃ ក៏ត្រូវបានគេរើស ស្របពេលដែរមិត្តភ័ក្ត្រជនរងគ្រោះមកតាមក្រោយឃើញក៏ចោទថា មានគំនិតចង់យករបស់ជនរងគ្រោះ ហើយក៏ឈ្លោះគ្នាបែកផ្សែងតែម្ដង ។

‎ ក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
‎ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុននិងមានរឿងហេតុខាងលើនេះកើតឡើង គឺយុវជនម្នាក់ ជិះម៉ូតូធំ កម្លាំង600cc ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូទរថយន្តទំនើប ម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3806 ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចេញពីម៉ូតូជិត១០ម៉ែត្ររងរបួសធ្ងន់ ហើយភ្លាមៗក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យ តែពេលដែលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ក៏បានជ្រុះកងដៃចេញពីខ្លួន ដោយមានយុវជនប្រុសស្រី២នាក់ជិះម៉ូតូមកក្បែរបានរើស ស្របពេលមិត្តភ័ក្ត្រជនរងគ្រោះមកតាមក្រោយឃើញបែបនេះ ក៏គិតថា យុវជនប្រុសស្រី២នាក់នោះមានគំនិតមិនល្អ ចង់យកកងដៃមិត្តភ័ក្ត្ររបស់ខ្លួនយកទៅ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា និងមានដកសោរម៉ូតូខាងអ្នករើសកងដៃ និងបានវាយគ្នាម្នាក់១ដៃ ទៅ២ដៃ ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីឈ្លោះប្រកែកគ្នាហើយ អ្នកដែររើសកងដៃបាន ក៏ប្រគល់កងដៃដែលរើសនោះ ឲ្យទៅមិត្តភ័ក្ត្រជនរងគ្រោះវិញ ហើយមិត្តភ័ក្ត្រជនរងគ្រោះក៏បានប្រគល់សោរម៉ូតូឲ្យទៅក្រុមយុវជនដែលរើសកងដៃនោះចេញពីកន្លែងកើតហេតុតែម្ដង ។
‎ ក្រោយពីបញ្ចប់រឿងឈ្លោះគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះហើយ សមត្ថកិច្ចមូលដ្ឋានបានមកបន្តដោះស្រាយ រឿងម៉ូតូធំបុករថយន្តពីក្រោយម្ដង ដោយភាគីទាំងពីរសុទ្ធតែទាសំណងនៃការខូចខាតដូចគ្នា ព្រោះរថយន្ត និងម៉ូតូសុទ្ធតែរងការខូចខាតធ្ងន់ធ្ងនដូចគ្នា តែចុងក្រោយ ភាគីទាំងពីរក៏បានបញ្ចប់ត្រឹមយកម៉ូតូ និងរថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួន ដោយមិនចង់មានរឿងវែងឆ្ងាយ៕
ដោយ៖ ភារ៉ា