លោកផ្កាយ៣ ហ៊ុន ជា ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ ពាក់ព័ន្ធរឿងបាញ់មេឃជាង១០គ្រាប់
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះលោកឧត្តមសេនីយ៍ឯកផ្កាយ៣ ហ៊ុន ជា ដែលជាក្មួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅតុលាការ ក្រោយមានការបញ្ជារពីសម្ដេចនាយករដ្ឋមន្ត្រី ក្នុងករណីបាញ់ប្រមាណជាង១០គ្រាប់ កាលពីយប់មិញ។
ប្រភព័ត៌មានបានបង្ហើបថា! ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០១៨តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយមកក៏បាននាំខ្លួនបន្តទៅតុលាការនៅរសៀលថ្ងៃដដែល ។ លោក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បន្ទាប់ពីបានបង្កការបាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយមិនមាននណាហ៊ាកក្អកឡើយ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ហើយករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ គួរម្លឹកថា រឿងនេះចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍ថា បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានចូលទៅកន្លែងកើតហេតុ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រមាណជាង១០គ្រាប់។ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ក្រោយកើតហេតុ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ។ ករណីផ្ទុះអាវុធចេញពីផ្ទះវេរលុយ True Money ខាងលើ ជនបង្កបាញ់លើសពី១០គ្រាប់ ដែលត្រូវបានប្រភពបង្ហើយប្រាប់ថា បង្កឡើងដោយលោក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី។ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនបកស្រាយប្រាប់អ្នកកាសែតឡើយ ខណៈលោកថាមិនបានដឹងនោះទេ។ ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើ គ្រាន់តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។