ជនជាតិចិនបើកRANGEROVER ទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់ ឯរថយន្តបង្កខ្ទេចខាងមុខ
ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាល ហើយអ្នករបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យភ្លាមៗកាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយពួកគេបានរួមដំណើរក្នុងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGEROVER បោះពួយយ៉ាងលឿន ជ្រុលទៅប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2000 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកនិងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យរថយន្តបែកធុងប្រេង និងខ្ទេចមួយកំណាត់មុខជាប់និងទ្រូងផ្លូវតែម្ដង ដោយក្នុងរថយន្តបង្កខាងលើនេះ មានមនុស្សប្រុសស្រី៤នាក់ជាជនជាតិចិន និងមានមនុស្សស្រីម្នាក់រងរបួសជើងយ៉ាងទំងន់ និង៣នាក់ទៀតរងរបួសស្រាល ។ ក្រោយកើតហេតុភ្លាមៗ រថយន្តសាមុយបានចុះមកដល់កន្លែងកើតហេតុ ហើយដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីពេទ្យ ។ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់តៃកុងរថយន្តនៅនិងកន្លែង រួមទាំងទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កនិងតៃកុង ទោកាន់ការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។