កូរ៉េខាងជើងកម្ទេចចោលទាំងស្រុងនៅទីតាំងសាកល្បងនុយក្លេអ៊ែរ​ របស់ខ្លួន
-

ប្រទេស​កូរ៉េ​ខាងជើង ​៖ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA​រាយ​កាណ៍​ថា ប្រទេស​នេះ​បាន​កម្ទេច​ចោល​ហើយ កាលពី​ថ្ងៃ​ទី​២៤​ឧសភា ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ PUNGGYE RI ដោយ​អះអាង​ថា​ រាល់​រូង​ក្រោម​ដី​ត្រូវ​បាន​កម្ទេច​អស់ហើយ រួច​ច្រកចូល​ទាំងឡាយ​ត្រូវ​បិទ​ទាំងស្រុង​។ វិទ្យាស្ថាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង បាន​ចេញផ្សាយ​សេច​ក្ដី្ដ​​ប្រកាស​មួយ​ដើម្បី​ជូនដំណឹង​ថា ពិធី​មួយ​ត្រូវ​បាន​រៀបចំ​ដើម្បី​កម្ទេច​ចោល​ទាំងស្រុង​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​សំដៅ​ធានា​តម្លាភាព​នៃ​ការ​ឈប់​សាកល្បង​នុយក្លេអ៊ែរ​។ សេចក្ដី​ប្រកាស​នេះ​និយាយ​ថា ការ​កម្ទេច​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ត្រូវ​បាន​ធ្វើ​ដោយ​រូង​ក្រោម​ដី​ទាំងអស់​នៃ​ទីតាំង​នោះ​បាក់​អស់ ដោយសារ​ការ​ដាក់​គ្រឿងផ្ទុះ​ហើយ​ច្រកចូល​ក្នុង​រូង​ទាំងអស់​ត្រូវ​បិទ​ទាំងស្រុង​។​ទន្ទឹម​នឹង​នេះ​បណ្ដា​ទីតាំង​សម្រាប់​យាម​ការពារ ព្រមទាំង​ប៉ុស្តិ៍​សង្កេតការណ៍​នានា​នៅ​ទីតាំង​នោះ​ក៏​ដាក់​គ្រឿងផ្ទុះ​កម្ទេច​ចោល​អស់​ដែរ​។ សេចក្ដី​ប្រកាស​បន្ត​ថា គេ​អាច​អះអាង​ថា​ទាំង​ការ​ធ្លាយ​ចេញ​វិទ្យុសកម្ម​ទាំង​ការ​ប៉ះពាល់ ជា​អវិជ្ជមាន​នានា ដល់​បរិស្ថាន​តំបន់​ជុំវិញ​ពុំ​មាន​ឡើយ​។​ការ​បិទ​ទាំងស្រុង​តំបន់​ជុំវិញ​ទីតាំង​សាកល្បង នុយក្លេអ៊ែរ​នេះ​នឹង​ធ្វើ​ក្រោយ​ការ​ដក​ចេញ​ជា​បន្តបន្ទាប់ រាល់​ទីតាំង​សង្កេតការណ៍​នៅ​លើ ដី​បណ្ដា​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ប៉ុស្តិ៍​យាម​ការពារ​ព្រមទាំង​ការ​ដក​ចេញ​និយោជិត​ទាក់ទិន​ទាំងអស់​។ យោង​តាម​បណ្ដា​អ្នកកាសែត​ថា រូង​ក្រោម​ដី​៣​នៃ​ទីតាំង​នេះ​កម្ទេច​ចោល​នា​វេលា​ម៉ោង​១៦ ម៉ោង​ក្នុងស្រុក​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​អញ្ជើញ​បណ្ដា​អ្នកកាសែត​ចិន រុ​ស្ស៊ី អា​មេ​រិ​ក កូរ៉េ​ខាងត្បូង​និង​អង់គ្លេស​មក​យក​ព័ត៌មាន​ពី​ការ​កម្ទេច​ទីតាំង​នោះ​។​កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​៦​លើក​នៅ PUNGGYE RI រវាង​ខែតុលា​ឆ្នាំ​២០០៦​និង​ខែកញ្ញា​ឆ្នាំ​២០១៧​។​បក្ស​ពលករ​កូរ៉េ​ខាងជើង បាន​ស​ម្រេច​កាលពី​ខែ​មុន​ថា នឹង​បញ្ឈប់​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​ឈប់​បាញ់​មី​ស៊ីល​បាលី​ស្ទិ​ក ចាប់ពី​ថ្ងៃ​ទី​២១ ​មេ​សា​ទៅ​៕

ប្រភព៖ ហេងលី