ភ្នំពេញៈ ក្រុមហ៊ុនកាស៊ីណូ Macau Legend Development ដែលចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុងបានបង្ហាញពីគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្តដែលរួមមានកាស៊ីណូ និងសេវាមិនមែនល្បែងនៅក្នុងទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាដោយបញ្ជាក់ថា ក្រុមហ៊ុនកំពុងដំណើរការនីតិវិធីទិញដីសម្រាប់គម្រោងនេះ។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុនក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន។
ទោះយ៉ាងនេះក្តីមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជាដែលជាអ្នកគ្រប់គ្រងអាជីវកម្មកាស៊ីណូបញ្ជាក់កាលពីម្សិលមិញថា ក្រសួងមិនដែលទទួលបានការស្នើសុំ ឬ ចរចាណាមួយលើគម្រោងបង្កើតកាស៊ីណូនៅសៀមរាបនោះទេ ហើយបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឲ្យមានអាជីវកម្មល្បែង ឬ កាស៊ីណូនៅខេត្តសៀមរាបនោះឡើយ។ គេហទំព័រព័ត៌មានរបស់ GGR Asia ដែលជាគេហទំព័រព័ត៌មានអំពីឧស្សាហកម្មកាស៊ីណូបានរាយការណ៍ថាលោក Chow Kam Fai ប្រធានប្រតិបត្តិក្រុមហ៊ុន Macau Legend Development បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា នៅអំឡុងឆ្នាំនេះក្រុមហ៊ុនរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងទិញដីសម្រាប់ទីតាំងកាស៊ីណូ និងសេវាមិនមែនល្បែងនៅសៀមរាប។ លោកបន្តថាលោកនឹងបង្ហាញពីគម្រោងនេះក្នុងពេលឆាប់ៗ។ លោក Chow Kam Fai ត្រូវបានដកស្រង់សម្ដីដោយ GGR Asia ថា៖ «ការទិញដីនេះជិតបញ្ចប់ហើយ។ ទាក់ទងបញ្ហាសំខាន់ៗដូចជាទំហំគម្រោង និងបញ្ហាជាប់ពាក់ព័ន្ធផ្សេងទៀត ខ្ញុំជឿជាក់ថាយើងនឹងអាចបង្ហាញបញ្ហាទាំងនោះក្នុងរយៈពេលពី ២ ទៅ ៣ ខែទៀត»។ ប៉ុន្តែលោកមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតបន្ថែមពីគម្រោងនេះនោះទេ។ សៀមរាបគឺជាទិសដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមដោយមានប្រាសាទ អង្គរវត្តដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ គេហទំព័រទេសចរណ៍ TripAdvisor កាលពីសប្តាហ៍មុនបានចាត់ថ្នាក់ប្រាសាទអង្គរវត្តជាទិសដៅទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០១៨ ដែលជាការចាត់ថ្នាក់ល្អក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។ កាលពីឆ្នាំមុនប្រាសាទអង្គរទទួលបានភ្ញៀវទេសចរដល់ ២,៥ លាននាក់។ លោក រស់ ភិរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងមិនដែលបានទទួលសំណើវិនិយោគពីក្រុមហ៊ុន Macau Legend Development នៅឡើយទេ ហើយថារដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានការវិនិយោគលើកាស៊ីណូនៅសៀមរាបនោះទេ។ ទោះបីយ៉ាងនេះក្តីលោកថាកម្ពុជាស្វាគមន៍ការវិនិយោគថ្មីលើគម្រោងក្រៅពីកាស៊ីណូនៅខេត្តសៀមរាប។ តាមលោក រស់ ភិរុណ គិតមកទល់ពេលនេះមានអាជីវកម្មកាស៊ីណូជាង ១០០ កន្លែងនៅកម្ពុជា។ លោកបន្ថែមថាកាលពីឆ្នាំ ២០១៧ ចំណូលពន្ធបានពីវិស័យកាស៊ីណូមានប្រហែល ៣៧ លានដុល្លារ៕ ប្រភពៈ Khmer Share