នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆ្នាំ២០០៧ដើម្បីរំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មដ៏អង់អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន គឺបានធ្វើសកម្មភាពដោះស្រាយបញ្ហានិងជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរជាបន្តបន្ទាប់។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយនិងសម្តែងការស្វាគមន៍ចំពោះបងប្អូនអតីតយុទ្ធកម្ពុជា ទាំងអស់ដែលបានចូលរួមក្នុងខួបលើកទី១១ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះ។ នេះគឺជាទិវាដ៏សំខាន់ដើម្បីបង្ហាញពីការដឹងគុណចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាដែលកន្លងមកបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងកិច្ចការពារជាតិមាតុភូមិ។ សម្តេចតេជោបានរំលឹកពីសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមដែលបានបំផ្លាញអ្វីៗស្ទើរទាំងស្រុងរួមទាំងអាយុជិវិតមនុស្សដែលបច្ចុប្បន្នបានបន្សល់ចំនួនអតីតយុទ្ធជន ជនពិការជាច្រើនផងដែរ។ ក្រោយជ័យជំនៈពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ៧មករាន១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតជោ គឺបានប្រែក្លាយប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះអតីតយុទ្ធជនកម្ពុជាគឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាបន្តបន្ទាប់តាមរយៈការផ្គត់ផ្គង់ផ្នែកជីវភាពរស់នៅនិងតម្រូវការផ្សេងៗជាច្រើនទៀត។ នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវសកម្មភាពនៃការសាងសង់ផ្ទះបន្ថែមឲ្យបានច្រើនថែមទៀតជូនដល់បងប្អូនអតីតយុទ្ធជនដែលក្នុងនោះសម្តេចបានសម្រេចដកថវិការពីមូលនិធិអតីតយុទ្ធជនកម្ពុជាចំនួន១លានដុល្លារអាមេរិកដើម្បីយកមកធ្វើផ្ទះជូនបងប្អូនអតីតយុទ្ធជន។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់សាច់ប្រាក់ដល់ស្ត្រីជាពលរដ្ឋក្រីក្រក្នុងពេលមានផ្ទៃពោះ និងពេលម្រាលកូនគឺចាប់ពីឆ្នាំ២០១៩ទៅប្រជាពលរដ្ឋក្រីក្រពេលមានផ្ទៃពោះនិងសម្រាលកូននឹងទទួលបានសាច់ប្រាក់ឧបត្ថមពីរដ្ឋក្នុងពេលអំឡុងមានផ្ទៃពោះទទួលបានសាច់ប្រាក់៤ដងដោយក្នុង១ដងគឺនឹងទទួលបាន៤ម៉ឺនរៀល។ នៅពេលឆ្លងទន្លេគឺទទួលបានសាច់ប្រាក់ ២០ម៉ឺនរៀល និងក្រោយពេលសម្រាលកូនទទួលបាន១០ដង ដោយក្នុង១ដងទទួលបានសាច់ប្រាក់៤ម៉ឺនរៀល។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលខាងមុនចំពោះស្ត្រីដែលជាមន្ត្រីរាជការពេលសម្រាលកូនគឺទទួលបានសាច់ប្រាក់៨០ម៉ឺនរៀល និង ស្ត្រីជាកម្មការនីទទួលបាន ៤០ម៉ឺនរៀល។ មុននឹងបញ្ចប់ពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់បងប្អូនអតីតយុទ្ធទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕