ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ចេញវិធានក្តៅ ទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានអវិជ្ជមាន
-

ភ្នំពេញ៖ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមសហការគ្នា ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយ តាមគេហទំព័រ និងបណ្តាញសង្គម នៅក្នុងប្រទេសកម្ពុជា ដែលមានការផ្សព្វផ្សាយព័ត៌មាន បែបអវិជ្ជមាន។ យោងតាមប្រកាសព័ត៌មានរួម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលមានការចុះហត្ថលេខាពី រដ្ឋមន្រ្តីក្រសួងទាំង៣ បានឲ្យដឹងថា មិនត្រឹមតែគ្រប់គ្រងការផ្សព្វផ្សាយ តាមគេហរទំព័រ និងបណ្តាញសង្គមប៉ុណ្ណោះទេ តែក្រសួងពាក់ពន្ធ័មាននាទី ប្រឆាំងទប់ស្កាត់ រាល់ការផ្សព្វផ្សាយណា ដែលមានចេតនាបង្ក ជាចលាចលបណ្តាល ឲ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនង ជាមួយប្រទេសដទៃ លើផ្នែកសេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ប្រពៃជាតិជាដើម។ យោងតាមប្រការ១ នៃប្រកាសអន្តរក្រសួង បានបញ្ជាក់ទៀតថា ប្រកាសអន្តរក្រសួងនេះ មានគោលបំណងគ្រប់គ្រង ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូឬតាមទម្រង់ផ្សេងៗទៀត តាមគេហរទំព័រ និងបណ្តាញសង្គមនៅកម្ពុជា ស្របតាមអនុក្រឹត្ត ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមជំរាបថា ក្រសួងទាំង៣ខាងលើនេះ បានចាត់តាំងអង្គភាពជំនាញ ដើម្បីធ្វើប្រតិបត្តិការទប់ស្កាត់រឿងនេះ។ ក្នុងនោះ មានអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍៕

ប្រភព៖ ហេងលី