នៅល្ងាចថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅវិហារធំឥស្លាម អាល់សាកាល់(វិហារបឹងកក់) ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនឥស្លាម-កម្ពុជា និងបានថតរូប Selfie អនុស្សារីយ៍ផងដែរ ដែលបានបង្ហាញពីការគោរពស្រាលាញ់ដ៏ជ្រាលជ្រៅ និងគាំទ្រ ពីបងប្អូនសានិកខ្មែរ-ស្លាម ចំពោះសម្ដេចតេជោ។ នេះគឺជាលើកទី៩ហើយ នៃការអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថ្ងៃនេះ ហើយសម្ដេចតេជានាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមជាមួយបងប្អូនឥស្លាម-កម្ពុជាជារៀងរាល់ឆ្នាំ។ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ ប្រចាំឆ្នាំនេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រមុខដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធជាមួយនឹងប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ក៏ដូចជាមានជំនឿលើសាសនាដទៃៗទៀតអោយបានរស់នៅសុខដុមរម្យនាជាមួយគ្នាក្រោមដំបូលសន្តិភាព។ នៅក្នុងឱកាសនេះដែរ បន្ទាប់ពីអញ្ជើញពិសារអាហារស្រាយបួសរួច សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញថតរូបអនុស្សាវរីយ៍រួមគ្នា ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋឥស្លាម-កម្ពុជា ដោយបរិយាកាសសប្បាយរីករាយក្រៃលែង៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister