នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលតំណែងប្រធានកិច្ចប្រជុំកំពូល (ACMECS) លើកទី ៩ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាពេលបន្ទាប់។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា ដែលជាប្រធានអង្គប្រជុំ និងឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសACMECSផងដែរ។ នៅ ឱកាលនោះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានផ្ទេរតំណែងប្រធានកិច្ចប្រជុំ ACMECS មកជូនកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានទទួលដោយ ក្តីមោទនភាព និងរីករាយ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ដែលបានទទួលយកតំណែងប្រធាន ACMECS ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០។ សម្តេចបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា និងរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់នៅលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ACMECS។ ក្នុងឋានៈជាប្រធាន ACMECS បន្ទាប់ សម្តេចបានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវចំណងមិត្តភាពជាប្រពៃណី, ភាពជាអ្នកជិតខាងល្អ និងការផ្តល់ផលប្រយោជន៏ទៅវិញទៅមករវាងប្រទេសអេកម៉ិក ដើម្បីលើកកម្ពស់សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ។ ទិសដៅជាអាទិភាពរបស់កិច្ចសហប្រតិបត្តិការ ACMECS នឹងត្រូវផ្តោតលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៏ និងភាពក្រីក្រ, ការសម្រេចបាននូវសន្តិសុខស្បៀង និងថាមពល, ការអភិវឌ្ឍនៅលើវិស័យទេសចរណ៏, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការការពារបរិស្ថាន, ការពង្រីកខ្សែច្រវ៉ាក់ផលិត ឧស្សាហកម្មក្នុងអនុតំបន់ និងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS ឲ្យឈានឡើងដល់កម្រិតខ្ពស់មួយទៀត ក៏ដូចជាដើម្បីជំរុញពន្លឿនជំហាននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃបណ្តប្រទេស ACMECS។ ដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះ កម្ពុជា នឹងជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីថ្លែងការណ៏ទីក្រុងបាងកក និងជាពិសេស ផែនការ ACMECS ២០១៩-២០២៣ ដែលមានសសរស្តម្ភមួយចំនួនដូចជា ការតភ្ជាប់ដោយរលូន, សេដ្ឋកិច្ចអេកម៉ិកប្រកបដោយ ភាពស៊ីសង្វាក់ និងអេកម៉ិកប្រកបដោយភាពឆ្លាតវៃ និងចីរភាព។ ជាមួយគ្នានេះ, កម្ពុជាក៏នឹងបន្តជំរុញ បញ្ចប់នូវការអនុវត្តសេចក្តីថ្លែងការណ៏ទីក្រុងហាណូយ ក៏ដូជាសេចក្តីថ្លែងការណ៏ផ្សេងទៀត រួមទាំងគម្រោង និងគំនិតផ្តួចផ្តើមទាំងឡាយដែលកំពុងតែត្រូវបានអនុវត្ត ទាំងកម្រិតទ្វេភាគី និងពហុភាគី។ លើពីនេះទៀត យើងត្រូវបន្តប្រឹងប្រែងកៀរគរធនធាន ព្រមទាំងលើទឹកចិត្តឲ្យដៃគូ អភិវឌ្ឍន៏នានាជួយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជំរុញអនុវត្តគម្រោងអាទិភាពគន្លឹះនានា ស្របទៅតាមផែនការ ACMECS ២០១៩-២០២៣។ យើងក៏ត្រូវផ្តោតលើកាលានុវត្តភាពឲ្យកាន់តែទូលំទូលាយ ចំពោះតួនាទី និងការចូលរួមរបស់វិស័យឯកជននៅក្នុងការអនុវត្តគម្រោងអាទិភាពទាំងឡាយរបស់ ACMECS៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister