សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា
-

នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព​ រា​ជធានីភ្នំពេញ។ មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះរួមមាន៖ ឯកឧត្តម ​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត​ នេត​ បារ៉ុម , បណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ​ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយស​ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ពិតជាសប្បាយរីករាយខ្លាំងដែលបានអញ្ជើញជាអធិបតី​ ក្នុងការប្រកាសគោរមងារ ដល់មន្ត្រីនៃរាជរដ្ឋាភិបាលនៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រីជាន់ខ្ពស់ចំនួន៨រូបដែលត្រូវបានព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី បានប្រោសប្រទានផ្តល់គោរមងារនាពេលនេះ។ តាមរយៈការផ្តល់គោរមងារនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិជាការជំរុញលើកទឹកចិត្តដល់ឥស្សរជនបញ្ញាជនជាតិដែលបានខិតខំក្នុងក្នុងការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសាន៍ទាក់ទងទៅនឹងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើងនៅលើពិភពលោកក្នុងពេលថ្មីៗនេះ ដែលសង្គ្រាមពាណិជ្ជកម្មនេះ អាចនឹងជៈឥទ្ធិពលដល់កម្ពុជា។​ ទន្ទឹមនឹងនេះសម្តេចតេជោ​ បានទាមទាឲ្យអ្នកស្រាវជ្រាវទាំងឡាយមានការស្រាវជ្រាវសិក្សាពីបញ្ហានេះ​ ជាពិសេសរាជបណ្ឌិតសភាកម្ពុជា​ និង​ បញ្ញាវន្តដែលទទួលបានគោរមងារក្នុងថ្ងៃនេះ​ ក៏ដូចជានិស្សិតតាមបណ្តាលសាកលវិទ្យល័យនានា​ ក៏ត្រូវចូលរួមក្នុងតាមដានការស្រាវជ្រាវបញ្ហាខាងលើនេះដោយយកចិត្តទកដាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗ។​ តួនាទី​ រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើតនូវបញ្ញាវន្ត ដែលជាខួរក្បាលរបស់ជាតិដ៏សំខាន់ៗ សម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់មន្ត្រីដែលទទួលបានគោរមក្នុងថ្ងៃនេះទាំងអស់ សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោ បានអញ្ជើញផ្តល់កិត្តិយសបំពាក់ឯកសណ្ឋាន​ និងស្លាកឈ្មោះជូនដល់មន្ត្រីដែលទទួលគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាទាំង ៨រូប និងបានអញ្ជើញថតរូបអនុស្សាវរីយ៍ក្នុងភាពសប្បាយរីករាយក្រៃលែង៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister