ស្រុកខ្មែរតាប៉ុននិងឲ្យតែលុយដល់ ចង់ជាប់គុកថ្ងៃនិង ស្អែកឡើងចេញវិញក៏បាន និយាយទៅអត់ខ្វល់
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាននាំគ្នា សម្តែងភាពងឿងឆ្ងល់ជាខ្លាំង ដែលស្ត្រីម្នាក់ឈ្មោះ ប្រេស ស្រីមុំ ដែលត្រូវនគរបាលចាប់ខ្លួន ៣លើក ពាក់ព័ន្ធរឿងជួញដូគ្រឿងញៀន ប៉ុន្តែមិនដែលជាប់ពន្ធនាគារបានយូរនោះទេ។
ប្រជាពលរដ្ឋ បានថ្លែងកើតសរសើរ ស្ត្រីជាអ្នករកស៊ីគ្រឿងញៀនរូបនេះ ដែលមានបារមី តាមថែរក្សា ឲ្យចាកផុតពីសំណាញ់ច្បាប់ បានជាដរាប ប៉ុន្តែទោះជាយ៉ាងណាពួកគាត់ បារម្ភថា បារមីរបស់នាង អាចបំផ្លាញអនាគតកូនៗរបស់ពួកគាត់ ព្រោះតែ នាងជាអ្នករកស៊ីគ្រឿងញៀន ដែលមិនចេះជាប់ពន្ធនាគារ ហើយនៅបន្តមុខរបរ ដ៏ល្អ និងរកចំណូលបានងាយស្រួលរបស់នាងតទៅទៀត។ ស្ត្រីឈ្មោះ ប្រេស ស្រីមុំ អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ចាប់ខ្លួន និងដកហូតបានគ្រឿងញៀន និងជញ្ជីងថ្លឹងគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នាង ហើយនាងត្រូវបាន លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។ យោងតាមការឲ្យដឹងរបស់នគរបាលស្រុកពញាឮ ស្ត្រីឈ្មោះ ប្រេស ស្រីមុំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ដោះលែងវិញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលជនត្រូវចោទឈ្មោះ ពូន ស៊ីណា ហៅ ញ៉ាញ់ ភេទប្រុស ដែលត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ ក្នុងរឿងជាមួយគ្នា កំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ រឿងនេះក៏ធ្វើឲ្យសមត្ថកិច្ចស្រុកពញាឮឆ្ងល់ដែរថា ហេតុអ្វី សំណុំរឿង តែមួយសោះ មនុស្ស២ នាក់ត្រូវបាន តុលាការដោះលែង ម្នាក់មុនពេលកាត់ទោស ចំណែកម្នាក់ទៀតដេកក្នុងគុករងចាំសវនាការ? ពាក់ព័ន្ធករណីដោះលែងជនត្រូវចោទឈ្មោះ ប្រេស ស្រីមុំ នេះយើងមិនអាចសុំការបញ្ជាក់ពីលោក សូ សារិន អ្នកនាំពាក្យនៃសាលាដំបូងខេត្តកណ្តាល បានទេ ដោយទូរស័ព្ទរបស់លោកហៅចូលគ្មានអ្នកទទួល ចំណែកសំនួរដែលផ្ញើជូនតាម Telegram ទោះលោកទទួលបានក៏លោកមិនឆ្លើយតបដែរ។ សូមជម្រាបជូនថា ស្ត្រីមេក្លោងជួញដូរគ្រឿងញៀន ឈ្មោះ ប្រេស ស្រីមុំ និងប្តីរបស់នាង ឈ្មោះ ទើម ធ្លាប់ត្រូវបាន កម្លាំងនគរបាលស្រុកឧដុង្គ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នាង ដោយដកហូតបាន គ្រឿងញៀន មួយចំនួន និងជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង។ ក្រោយនាំខ្លួនទៅសាកសួរ ប្តីរបស់នាងមានឈ្មោះ ទើម ត្រូវបាននគរបាលស្រុកឧដុង្គ ដោះលែងវិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមហេតុផលថា មិនមានការជាប់ពាក់ព័ន្ធ។ ក្រោយមកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកឧដុង្គ បានបញ្ជូនខ្លួនស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនឈ្មោះ ប្រេស ស្រីមុំ រួមនិងវត្ថុតាងទៅតុលាការខេត្តកំពង់ស្ពឺ។ អ្វីដែលជារឿង គួរឲ្យពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ងឿងឆ្ងល់ និងសម្តែងការខកចិត្តនោះ គឺស្ត្រីឈ្មោះ ប្រេស ស្រីមុំ ត្រូវតុលាការសម្រេចដោះលែង ឲ្យមកផ្ទះវិញ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ដដែល។ សូមបញ្ជាក់ កាលពីដើមខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ស្ត្រីឈ្មោះ ប្រេស ស្រីមុំ ត្រូវបាននគរបាលស្រុកឧដុង្គចាប់ខ្លួនម្តងទៀត យកទៅសាកសួរ ក្រោយពីសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិរបស់នាង ប៉ុន្តែនាងនៅតែគ្មានវាសនា ជាប់គុកដដែល ពោលគឺត្រូវនគរបាលស្រុកឧដុង្គដោះលែងឲ្យត្រលប់មកផ្ទះវិញ៕ ប្រភពៈ ANN
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។