ប្រភពពី Bangkok Post បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសថៃ អនុពង្ស ប៉ាវជីនដា បានមានប្រសាសន៍ថា ដើម្បីយកក្មេងៗចេញពីរូងភ្នំមកជួបម្តាយឪពុកគេវិញបាន លុះត្រាតែមុជទឹកតាមផ្លូវ ដែលកំពុងមានទឹកលិចរហូតមកដល់ច្រកចូលទៅដំបូង ។ លោករដ្ឋមន្ត្រីជឿថា ក្មេងៗកីឡាករទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ត្រូវតែរៀនមុជទឹក ជាពិសេស គឺមុជទឹកជ្រៀតតាមចន្លោះតូចៗ ដែលពិតជាមានការលំបាកខ្លាំង ។ ប្រសិនបើវិធីនេះ ពិតជាត្រូវយកទៅអនុវត្តមែននោះ ពួកគេត្រូវតែពាក់ឧបករណ៍មុជទឹករៀងៗខ្លួន ហើយធ្វើដំណើរចេញមកម្តងម្នាក់ៗ ។ ប្រសាសន៍របស់លោករដ្ឋមន្ត្រីថែ្លងទៀតថា៖ «ការមុជទឹកមិនស្រួលទេ ។ អ្នកដែលមិនដែលមុជសោះ គឺពិតជាគិតថា លំបាកណាស់ ព្រោះតែផ្លូវដែលត្រូវធ្វើដំណើរ គឺពិតជាតូចចង្អៀត ។ ពួកគេត្រូវតែចេះប្រើប្រាស់ឧបករណ៍រៀងៗខ្លួន។ ប្រសិនបើឧបករណ៍ជ្រុះបាត់នៅកន្លែងណានោះ វាពិតគ្រោះថ្នាក់ធំហើយ» ។ លោកបន្តថា «ដោយសារតែភ្លៀងនឹងធ្លាក់មកទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ ការជួយក្មេងយកចេញមក ត្រូវតែប្រញាប់ ។ ឧបករណ៍មុជទឹកត្រូវតែប្រើ ។ ប្រសិនបើទឹកឡើង ការងារនេះនឹងកាន់តែពិបាក។ យើងត្រូវតែយកក្មេងៗ ចេញមកឲ្យបានមុន» ។ គួរបញ្ជាក់ផងដែរថា ការយកក្មេងៗចេញនៅមិនទាន់អាចធ្វើបាននៅឡើយទេ នៅពេលនេះ ដោយសារតែក្មេងៗមិនទាន់មានកម្លាំងកំហែងគ្រប់គ្រាន់ អាចធ្វើការមុជទឹកចេញមកបាន ។ ម្យ៉ាងទៀត ពួកគេទាំងអស់គ្នា សុទ្ធតែមិនចេះហែលទឹកទាំងអស់ ៕
ប្រភព៖ kohsantepheapdaily