ប្រភពពី Bangkok Post បានឱ្យដឹងថា ព្រះសង្ឃភូមាដែលកន្លងមក បានទាយត្រូវរឿងក្មេងៗជាប់ នៅក្នុងរូងភ្នំកាលពីពេលកន្លងមក គឺបាននិមន្តទៅកាន់កន្លែងនោះម្តងទៀតហើយ ដើម្បីធ្វើការបន់ស្រន់ឱ្យក្មេងៗឆាប់ចេញមកវិញដោយសុវត្ថិភាព ។ ក្រោយការរកឃើញក្មេងៗ គ្រប់គ្នាមានការអរសប្បាយ ហើយមិនត្រឹមតែគិតដល់គុណរបស់អ្នកជួយសង្គ្រោះប៉ុណ្ណោះទេ គេក៏បានអរគុណដល់ព្រះសង្ឃភូមា ព្រះនាម Boonchum Yannasangwalo ផងដែរ។ ព្រះតេជគុណ គឺជាសង្ឃតាំងសីលក្នុងព្រៃ ហើយគង់នៅវត្ត Phra That Don Ruang ក្នុងក្រុងពង្ស នៃរដ្ឋសានរបស់ភូមា ។ ដំណើរត្រាច់ចររបស់ព្រះតេជគុណ ធ្វើឡើងនៅភាគខាងជើងនៃប្រទេសថៃ ភាគខាងជើង ឈាងខាងកើតប្រទេសភូមា និង ភាគខាងជើងនៃប្រទេសឡាវ ។ គេហៅព្រះតេជគុណថា ជា «សង្ឃនៃបីប្រទេស» ។ នៅមុនពេលដែលព្រះតេជគុណនិមន្តមកកាន់រូងភ្នំ ដើម្បីធ្វើពិធីផ្លូវងងឹត មានស្ត្រីម្នាក់ឈ្មោះ Nattanuch Prasertong ដែលជាម្ចាស់ហាងនៅស្រុក Chiang Dao ខេត្ត Chiang Mai បានបង្ហោះសារចូលទៅក្នុងហ្វេសប៊ុក ដែលសរសេរថា នាងបានសុបិនឃើញបារមីមកប្រាប់ឲ្យនាងរកព្រះសង្ឃមកកាន់រូងភ្នំ ដើម្បីរំដោះកម្មដោះលែងក្មេងៗចេញមកបាន ។ ស្ត្រីដែលជាម្ចាស់ហាងប្រាប់ថា នាងមិនចង់ល្បីអ្វីនោះទេ។ ម្យ៉ាងទៀត នាងក៏មិនជឿរឿងផ្លូវងងឹតបែបនេះដែរ ព្រោះតែនាងកាលមុន រស់នៅអាមេរិកយូរណាស់មកហើយ។ នាងបង្ហោះ ព្រោះតែនាងចង់ជួយដល់ក្មេងៗ ។ នៅខណៈដែលក្រុមជួយសង្គ្រោះកំពុងធ្វើការស្វែងរកក្មេងៗ ព្រះតេជគុណ Boonchum បាននិមន្តមកដល់កន្លែងហើយប្រាប់គ្រប់គ្នាថា ពួកគេនឹងអាចរកឃើញក្មេងក្នុងពេល២ថ្ងៃទៀត។ ដោយសារ តែសង្ឃដីកាមួយម៉ាត់នេះហើយ ធ្វើឲ្យម្តាយឪពុករបស់ក្មេងៗ និង ក្រុមអ្នកជួយសង្គ្រោះកាន់តែមានកម្លាំងចិត្ត ។ រយៈពេល២ថ្ងៃ ក្រោយសង្ឃដីការបស់ព្រះតេជគុណ ក្មេងៗពិតជាត្រូវគេរកឃើញមែន។ គ្រប់គ្នាមានការជឿជាក់លើព្រះសង្ឃភូមាមួយអង្គនេះមែនទែន។ នាពេលនេះ ព្រះតេជគុណបាននិមន្តមកបន់ស្រន់ដោះស្រាយតាមផ្លូវងងឹត ដើម្បីឲ្យក្មេងៗ និងអ្នកជួយសង្គ្រោះអាចចេញមកបានដោយសុវត្ថិភាព ។
ប្រភព៖ kohsantepheapdaily