ប្រទេសឡាវ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការឡាវរាយការណ៍ថា មានមនុស្សស្លាប់ច្រើននាក់ និងរាប់រយនាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គិសនី កាលពីយប់ថ្ងៃទី២៣ កក្កដា កន្លងមក ។ សម្ដេចប៉ាបកាតូលិកហ្វ្រង់ស្វ័រ ទ្រង់បញ្ចូនសារលើកទឹកចិត្ត ដល់អាជ្ញាធរក្នុងការជួយដល់ជនរងគ្រោះនៃសោកនាដកម្មនេះ ។ ប្រទេសថៃ ជាប់ជិតខាងបានបញ្ចូនពួកអ្នកជួយសង្គ្រោះមកបន្ថែមជាកម្លាំង ប៉ុន្តែតំបន់រងគ្រោះ ព័ទ្ធដោយព្រៃយ៉ាងក្រាស់ ធ្វើឲ្យស្មុគ្រស្មាញដល់ប្រតិបត្តិការសង្គ្រោះ ។ ទំនប់នោះ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងខេត្ត ATTAPEU ភាគអាគ្នេយ៍ឡាវ ។ វាបានបាក់ កាលពីយប់ថ្ងៃទី២៣ កក្កដា ដោយទម្លាក់ទឹកទៅក្រោមប្រមាណជា៥ពាន់លានម៉ែត្រគូប ស្មើនឹងទឹកក្នុងអាងហែលទឹកអូឡាំពិក ដល់ទៅជាង២លាន ។ មនុស្សប្រមាណជា៦.៦០០នាក់បាត់បង់ទីជម្រក នាយប់ថ្ងៃទី២៤ កក្កដា ហើយអាជ្ញាធរប៉ុនប៉ង ជម្លៀសពួកគេចេញ ។ ម្ចាស់សំខាន់នៃគម្រោងទំនប់វារីអគ្គិសនីនោះ គឺក្រុមហ៊ុនថៃ RATCHABURI ELECTRICITY GENERATING HOLDING ថ្លែងថា បានទទួលរបាយការណ៍បាក់ទំនប់ពីក្រុមហ៊ុនធ្វើអាជីវកម្មទំនប់នេះ គឺក្រុមហ៊ុន XE PIAN XE NAMNOY POWER COMPANY ហៅកាត់ថា PNPC។ ទំនប់នោះ មានប្រវែង៧៧០ម៉ែត្រ។ វាបានបាក់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងមិនឈប់ ពុំអាចធន់បាននឹងទំហំទឹកយ៉ាងធំ។ ផ្ទះសម្បែងជាច្រើន ត្រូវទឹកលិចបាត់ទាំងស្រុង។ បណ្ដារូបភាពផ្សាយដោយ ទីភ្នាក់ងារព័ត៌មានផ្លូវការឡាវ បង្ហាញមនុស្សច្រើនសិបនាក់ មានទាំងយុវជន និងកុមារ នាំគ្នាឡើងទូកពេញ្។ យោងតាមក្រុងសេអ៊ូលថា សរុបពលករកូរ៉េខាងត្បូង៥៣នាក់ ដែលស្ថិតនៅទីនោះ អាចជម្លៀសចេញទាន់ពេលវេលា។ ជិត២៤ម៉ោង ក្រោយការបាក់ទំនប់នេះ អាជ្ញាធរបន្តវាយតម្លៃលើទំហំនៃការខូចខាត ។ អ្នកទទួលខុសត្រូវម្នាក់នៃខេត្តATTAPEU និយាយថា យើងពុំទាន់មានព័ត៌មានផ្លូវការពីការបាត់បប្ញុចំនួនជនរងគ្រោះនៅឡើយ។ នាយករដ្ឋមន្ត្រីឡាវលោកTHONGLOUN SISOULIM បានទៅកាន់ទីនោះដើម្បីត្រួតពិនិត្យប្រតិបត្តិការជួយសង្គ្រោះ។ចំណែកប្រទេសកម្ពុជានិយាយថា ត្រៀមជម្លៀសប្រជាជននៃខេត្តស្ទឹងត្រែងជាប់ព្រំដែនឡាវ ចម្ងាយប្រមាណជា៧០គីឡូម៉ែត្រ ពីតំបន់ទំនប់បាក់ចេញ។
ប្រភព៖ kohsantepheapdaily