តាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែងឲ្យដឹងថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២:០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។ សកម្មភាពបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ តាមតាមសារព័ត៌មានខ្លីៗ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ដែលរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ លោក ផាន់ យ៉ុត អភិបាលស្រុកសៀមប៉ាង បានថ្លែងបញ្ជាក់ថា នៅល្ងាចថ្ងៃ២៥កក្កដានេះថា ការជម្លៀសបានសម្រេចពី៤០% ទៅ ៥០% នឹងកំពុងបន្តជម្លៀស។ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលប៉ះពាល់មានចំនួន ១៧ភូមិ និង ៤ឃុំ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅឡើយទេ៕
ប្រភព៖ Yorn Phearin