របាំងថ្មឥឡូវរឹងមាំណាស់ សូមកុំចង់សាកឲ្យសោះ!! នារីម្នាក់បើករថយន្តឡិចស៊ីស RX330 ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួច តែរថយន្តស្រាប់តែ...
ណារ៉ា
-

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តលុចសុីសRX330ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច តែរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ បឹងត្របែក តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញនារីម្នាក់បានបើករថយន្តបង្កម៉ាក លុចសុីសLX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-1634 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ រីឯរបាំងថ្មរងការខូចខាតតិចតួច ហើយសំណាងល្អដែលមិនបង្កឲ្យមនុស្សរងរបួស ។
ក្រោយកើតហេតុ នារីម្នាក់ដែលជាម្ចាស់រថយន្តបង្ក ចុះគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង ស្ទួចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕