មិនទាន់អស់ទេ!!! គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់​ ត្រូវអាជ្ញាធរជំនាញចុះស្រាវជ្រាវ បាននៅតំបន់ព្រៃ ក្នុងខេត្តពោធិ៍សាត់
-

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ត្រីជំនាញគ្រាប់រំសេវ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ស្រុកវាលវែង និងស្រុកក្រគរ សហការគ្នាចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ខណៈដែលប្រទះឃើញនៅតំបន់ផ្សេងៗក្នុងតំបន់នានាមូលដ្ឋានរបស់ខ្លួន ។

នគរបាលស្រុកក្រគរបានឲ្យដឹងថា មុននិងបានប្រមូលគ្រាប់រំសេវខាងលើ កម្លាំងជំនាញ បានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១៩គ្រាប់ មានបួនប្រភេទ ទី១.ប្រភេទ ៦០មីល្លីម៉ែត្រ ចំនួន១៣គ្រាប់ ទី២.ប្រភេទ ៤៥មីល្លីម៉ែត្រ ចំនួន៦គ្រាប់ ហើយនៅប៉ុស្ដិ៍នគរបាលរដ្ឋស្នាអន្សា កម្លាំងបានប្រគល់គ្រាប់បែកដៃ (ផល្លិតនៅប្រទេសចិន) ចំនួន១គ្រាប់ផងដែរ ដល់មន្រ្តីអង្កការហេឡូត្រាស។
ដោយឡែក នៅស្រុកវាលវែងឯនេះវិញ នាព្រឹកថ្ងៃដដែលនោះ ស្ថិតក្នុងភូមិ.ឃុំក្រពើពី ស្រុកវាលវែង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកវាលវែងប្រាប់ថា ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៧គ្រាប់ផងដែរ ជាប្រភេទគ្រាប់បេ៤០ ដើម្បីប្រគល់ជូនមន្ត្រីជំនាញថែមទៀតផងដែរ។
ប្រភពពីនគរបាលដដែលខាងលើបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពីសម័យកាលសង្រ្គៀមដ៍យូរលង់នៅប្រទេសកម្ពុជានេះ ហើយអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋប្រមូលបានខាងលើ បានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ (អង្គការហេឡូត្រាស) ហើយគ្រាប់ទាំងនោះតំបន់ខ្លះមានសដ្ឋានភាពលំបាកខ្លាំង ក៍សម្រេចធ្វើការកម្ទេចចោលនៅនឹងកន្លែងអស់មួយចំនួន និងមួយចំនួនទៀត បានប្រមូលយកទៅកន្លែងបច្ចកទេស ដើម្បីបន្តនីតិវិធី ៕