(បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយរាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេ ទម្លាយរឿងអាស្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមានការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។

នាង Golf ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងទីក្រុង Nonthaburi បន្ទាប់ពីប៉ូលិសរកឃើញភស្តុតាងថាព្រះសង្ឃមួយអង្គបានផ្ទេរប្រាក់ជាង ១០ ០០០ដុល្លារ យកចេញពីគណនីរបស់វត្តព្រះសង្ឃអង្គនេះ ចូលទៅក្នុងគណនីធនាគាររបស់នាង Golf។ នាង Golf ត្រូវបានចាប់ខ្លួនពីបទគំរាមយកលុយ លាងលុយ និងទទួលផលចោរកម្ម។

ប្រាក់នេះត្រូវបានផ្ទេរកាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយព្រះសង្ឃមានព្រះនាម Phra Theppatcharaporn ដែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានលាចាកសិក្ខារបទ និងទទួលស្គាល់ថាពិតជាបានផ្ទេរប្រាក់រហូតដល់ទៅ ៣៤០ ០០០ដុល្លារឱ្យ Golf ។ ចំណែក នាង Golf ក៏បានសារភាពដែរថារូបនាងបានប្រាប់ព្រះសង្ឃអង្គនេះថានាងមានផ្ទៃពោះ និងបានស្នើឱ្យផ្ទេរប្រាក់ ៣៤០ ០០០ដុល្លារនេះជាជំនួយហិរញ្ញវត្ថុ។ ប៉ូលិលថៃបានឱ្យដឹងថា Golf បានដឹងថាលុយនោះជាកម្មសិទ្ធិរបស់វត្ត ប៉ុន្តែនៅតែបង្ខំឱ្យព្រះសង្ឃអង្គនោះផ្ទេរប្រាក់មកឱ្យខ្លួន។

គួរបញ្ជាក់ថា រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ តែមិនដែលមានពាក់ព័ន្ធនឹងមន្ត្រីសង្ឃជាន់ខ្ពស់ថៃ ដូចនៅពេលនេះទេ ដែលធ្វើឱ្យមន្ត្រីសង្ឃជាន់ខ្ពស់យ៉ាងហោច៩អង្គ បានលាចាសិក្ខារបទ។ បើតាមប៉ូលិសថៃ គណនីធនាគាររបស់នាង Golf បានទទួលប្រាក់ជាង ១៨.២លានដុល្លារ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ប៉ុន្តែប្រាក់ទាំងនេះភាគច្រើនត្រូវបានចំណាយលើល្បែងអនឡាញ៕ ប្រភព៖ Fresh News
